ថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥

ក្រសួងការពារជាតិ ណែនាំដល់រថយន្តប្រើប្រាស់ស្លាកលេខ ខ.ម ត្រូវអនុវត្តវិធានការប្រមូលពន្ធ និងប្តូរចង្កូតពីស្តាំមកឆ្វេង

២២ កញ្ញា ២០២១ | ព័ត៌មានជាតិ

ក្រសួងការពារជាតិ បានចេញនូវសារាចរណែនាំដល់យានយន្តឯកជន ដែលជ្រកក្រោមស្លាកលេខ កងយោធពលខេមរភូមិន្ទ ខ.ម ដោយឱ្យម្ចាស់ ត្រូវបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របច្បាប់។ ជាមួយគ្នានោះ ក្រសួងការពារជាតិ ក៏តម្រូវអោយអនុវត្តការប្តូរចង្កូតពីស្តាំមកឆ្វេង ឱ្យបានទាន់ពេលវេលាកំណត់យ៉ាងយូរបំផុត ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ 

 


យោងតាមសារាចរណែនាំរបស់ក្រសួងការពារជាតិ ដែលចុះហត្ថលេខាដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំដល់បណ្តាស្ថាប័នកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តឱ្យបានល្អប្រសើរ និង ម៉ឺងម៉ាត់ចំពោះវិធានការរាជរដ្ឋាភិបាលស្ដីអំពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ គ្រប់ប្រភេទប្រចាំឆ្នាំ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជនដែលជ្រកក្រោម ស្លាកលេខ កងយោធពលខេមរភូមិន្ទ (ខ.ម) ដើម្បីឱ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របច្បាប់និងបទប្បញ្ញត្តិស្តីពីគយ ។


ក្នុងនោះ ក្រសួងការពារជាតិ ក៏តម្រូវអោយអនុវត្តការប្តូរចង្កូតពីស្តាំមកឆ្វេងឱ្យបានទាន់ពេលវេលាកំណត់ យងយូរបំផុតត្រឹមថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២២។ ដោយឡែកការចុះបញ្ជីអនុញ្ញាតឱ្យប្រើប្រាស់ស្លាកលេខ ខ.ម អាចដំណើរការបាន ចំពោះយានយន្តដែលរដ្ឋបំពាក់យានយន្តដែលទទួលបានពីបណ្តាប្រទេសផ្តល់ជំនួយ យានយន្តជាអំណោយពីសប្បុរសជន ដែលបានបំពេញកាតព្វកិច្ចពន្ធរួចរាល់ យានយន្តកម្មសិទ្ធរបស់រដ្ឋដែលអស់ប្រសិទ្ធភាពប្រើប្រាស់ ហើយត្រូវកែច្នៃរៀបតម្លើងសារជាថ្មី យានយន្តដែលទទួលបានពីការសម្រេចរបស់តុលាការ និងយានយន្តដែលនាយទាហានប្រើប្រាស់ធនធានផ្ទាល់ខ្លួនទិញដាក់បញ្ចូលប្រើប្រាស់ ក្នុងក្របខណ្ឌរដ្ឋដោយបានបំពេញកាតព្វកិច្ចពន្ធរួចរាល់។

 


ជាមួយគ្នានេះ ក្នុងសារាចរ ក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា នឹងរក្សាទុកឱ្យប្រើប្រាស់ជាធម្មតា ចំពោះយានយន្តឯកជនពាក់ស្លាកលេខ ខ.ម ហើយបានទៅបំពេញកាតព្វកិច្ចពន្ធតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដា្ឋនគយនិងរដ្ឋាករកម្ពុជា។ 

 


ក្នុងករណីយានយន្តឯកជនពាក់ស្លាកលេខ ខ.ម ហើយមិនបានទៅបំពេញកាតព្វកិច្ចពន្ធតាមសេចក្តី ជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រសួងការពារជាតិនឹងធ្វើការនិរាករណ៍ស្លាកលេខ ដែលបានបំពាក់កន្លងមកដោយស្វ័យប្រវត្តិ៕


អត្ថបទ៖ សន រដ្ឋា  រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025