ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥
សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងសមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា សម្រេចចុះកិច្ចព្រមព្រៀងលើការផ្តល់ចំណេះដឹងផ្នែកបច្ចេកវិទ្យា ឡូជីស្ទ៊ីក និងដឹកជញ្ជូន ដល់សហគ្រាសធនតូច និងមធ្យម ក្រុមហ៊ុន សមាគម សហគមន៍ ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងវិស័យឡូជីស្ទ៊ីក ខណៈមើលឃើញថា ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បានដើរតួយ៉ាងសំខាន់ដល់វិស័យឡូជីស្ទ៊ីក និងដឹកជញ្ជូន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញបានគូសបញ្ជាក់ថា ភាគីទាំងពីរ បានឯកភាពយល់ព្រម សហការគ្នា ដោយជំរុញឲ្យមានការផ្សព្វផ្សាយរាល់ប្រតិបត្តិការ ក្នុងកម្មវិធីផ្សេងៗ ទៅដល់សមាជិក សមាគម បច្ចេកវិទ្យា ឌីជីថល កម្ពុជា និងសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងជំរុញឲ្យមានការចូលរួមស្វែងយល់ពីវិស័យបច្ចេកវិទ្យា ឌីជីថល និង ឡូជីស្ទ៊ីកដើម្បីឲ្យយល់កាន់តែច្បាស់ដើម្បីរៀបចំប្រព័ន្ឋគ្រប់គ្រងឡូជីស្ទ៊ីកតាមបច្ចេកវិទ្យាដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ និងការពង្រីកប្រតិបត្តិការអាជីវកម្មរបស់សមាជិកឬមិនមែនជាសមាជិក។
ជាការសន្យាសមាគមទាំងពីរ នឹងចូលរួមជួយជ្រោមជ្រែង និងផ្សព្វផ្សាយពីសេវាកម្ម បច្ចេកវិទ្យា ឌីជីថល និងឡូជីស្ទីកនៅក្នុងស្រុក ជូនគ្នាទៅវិញទៅមក ដើម្បីបង្កើនទីផ្សារ ដែលឈានទៅដល់ការពង្រីកអាជីវកម្ម ទៅក្រៅប្រទេសនៃសមាជិកនាពេលអនាគត និងចូលរួមសហការជួយដល់វិស័យ សហគ្រាស ធនតូច និងមធ្យមឱ្យយល់ដឹង ក្នុងការដាក់លក់ទំនិញ តាមទីផ្សារអនឡាញ និងការដឹកជញ្ជូនក្នុងកញ្ចប់រួម ដែលអាចផ្តល់តម្លៃសមរម្យ និងការបញ្ចុះតម្លៃពី៥ភាគរយ ទៅ១០ភាគរយ ឬអាស្រ័យទៅលើស្ថានភាពជាក់ស្តែង ។
គិតមកដល់ពេលនេះសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញធ្លាប់បានចុះកិច្ចព្រមព្រៀងជាមួយសមាគមរដ្ឋ និងឯកជនដទៃទៀតក្នុងការសហការជំរុញដល់ការអភិវឌ្ឍន៍វិស័យដឹកជញ្ជូននេះបានចំនួន៥កិច្ចព្រមព្រៀងហើយ ហើយរំពឹងថា វិស័យដឹកជញ្ជូនទំនិញនៅកម្ពុជានឹងមានភាពរីកច្រើននៅពេលដែលការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលមានភាពទូលំទូលាយ និងរាល់ការធ្វើប្រតិបត្តិការចំណាយតិចជាមុន៕
អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ