ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥

បន្ទាយមានជ័យបើកព្រំដែនវិញ ប៉ុន្តែខេត្តជាប់ព្រំដែនថៃផ្សេងទៀត នៅបិទខ្ទប់មួយសប្ដាហ៍

១៤ សីហា ២០២១ | ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចបើកច្រកព្រំដែន ជាមួយខេត្តស្រះកែវ ប្រទេសថៃវិញហើយ។ នេះបើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្ត។ ក្រោយបើកព្រំដែន នៅព្រឹកមិញ នេះ អភិបាលខេត្តកម្ពុជា-ថៃ ទាំងពីរជួបពិភាក្សាគ្នា លើស្ពានឆ្លងកាត់ព្រំដែន។ យ៉ាងណាក៏ដោយ ខេត្តជាប់ព្រំដែនថៃផ្សេងទៀត នៅបន្តបិទខ្ទប់ ១សប្ដាហ៍ទៀត នៅឡើយទេ។ នេះបើតាមការប្រកាសរបស់រដ្ឋបាលខេត្តនិមួយៗ។

 


ព្រំដែន កម្ពុជា ថៃ ចំណុចខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ បានចាប់ផ្ដើមបើកឡើងវិញហើយកាលពីពាក់កណ្ដាលយប់មិញនេះ។ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ំ រាត្រី បានសរសេរលិខិតមួយច្បាប់ផ្ញើជូនអភិបាលខេត្តស្រះកែវ ប្រទេសថៃ ដើម្បីបញ្ជាក់ពីការសម្រេចនេះ។ ការសម្រេចបើកច្រកព្រំដែនឡើងវិញនេះ ត្រូវបានរដ្ឋបាលខេត្តបន្ទាយមានជ័យគូសបញ្ជាក់ថាដោយសារការអនុវត្តវិធានការបិខ្ទប់រយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ដែលតា ត្រូវបញ្ចប់។

 


រដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញផ្សាយបន្ថែមថានៅព្រឹកថ្ងៃទី១៣ ខែសីហានេះ អភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវ រួមទាំងមន្ត្រីពាក់ព័ន្ បានជួបពិភាក្សាគ្នាលើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្នើសុំខេត្តស្រះកែវជួយសម្របសម្រួលដោះស្រាយបញ្ហាប្រជាពលរដ្ឋវិលត្រឡប់មកទឹកដីកម្ពុជា ទាំងសុខភាព សុវត្ថិភាព និងស្នើសុំកុំឱ្យមានការបញ្ជូនមកជាកំហុក ព្រមទាំងផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក។ ភាគីទាំងពីរក៏ឯកភាព រៀបចំឱ្យមន្រ្តីសុខាភិបាលកម្បុជាអាចចាក់វ៉ាក់សាំងជូនពលខ្មែរជាអាជីវករលក់ដូរក្នុងផ្សាររុងក្លឿប្រមាណ១ម៉ឺននាក់នៅចំណុចស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងពេលវេលាសមស្រប។

 


យ៉ាងណាក៏ដោយ បណ្ដាខេត្តជាប់ព្រំដែនកម្ពុជាថៃផ្សេងទៀត នៅបន្តអនុវត្តវិធានការបិទខ្ទប់រយៈពេល១សប្ដាហ៍ទៀតនៅឡើយទេ។ រដ្ឋបាលខេត្តកោះកុង ប៉ៃលិន ពោធិសាត់ បាត់ដំបង ឧត្តរមានជ័យ និងព្រះវិហារ សុទ្ធតែបានចេញសេចក្ដីសម្រេចបន្តបិទខ្ទប់ភូមិសាស្រ្តខេត្តរៀងៗខ្លួន១សប្ដាហ៍ទៀត។ ចំណែកខេត្តសៀមរាបដែលស្ថិតក្នុងចំណោមខេត្តដែលរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់រយៈពេល២សប្ដាហ៍កន្លងមកដែរនោះ បានប្រកាសបន្តបិទខ្ទប់រយៈពេល២សប្ដាហ៍ទៀត ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលមេរោគបំប្លែងថ្មី ដែលតា។

 


សូមបញ្ជាក់ថាក្រៅពីបណ្ដាខេត្តដូចបានបញ្ជាក់ថាលើងនេះ បណ្ដាខេត្តផ្សេងទៀត ដូចជាកំពង់ឆ្នាំ កណ្ដាល តាកែវ ជាដើម ទោះបីជាមិនអនុវត្តវិធានការបិទ្ទប់ ក៏ប៉ុន្តែសុទ្ធតែដាក់ចេញវិធានការរដ្ឋបាលរយៈពេល១សប្ដាហ៍ និង១សប្ដាហ៍ទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ដែរ។ សម្រាប់ខេត្តស្វាយរៀង ការដាក់ចេញវិធានការរដ្ឋបាលបន្តទៀតនេះ គឺកើតមានឡើងបន្ទាប់ពីខេត្តជាប់ព្រំដែនប្រទេសវៀតណាមមួយនេះ បានរកឃើញករណីនាំចូលមេរោគបំប្លែងថ្មី លើពលរដ្ឋវិលត្រឡប់ពីប្រទេសវៀតណាម៕


អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025