ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥

កម្ពុជា ប្រាប់វៀតណាម ផ្អាកជាបណ្តោះអាសន្នការធ្វើដំណើរចេញចូល ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម

១៥ កក្កដា ២០២១ | ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា  បានសម្រេចផ្អាកបណ្តោះអាសន្ន  ការធ្វើដំណើរចេញចូល ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម។ វិធានការនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចម្លងចូលមកប្រទេសកម្ពុជា។


បើតាមលិខិតចុះហត្ថលេខា នៅថ្ងៃទី១៣កក្កដា ដោយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ការសម្រេចផ្អាកបណ្តោះអាសន្ន ការធ្វើដំណើរចេញចូល ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម។ ក្នុងនោះ ក៏មានការហាមឃាត់ក្រុមកម្មករ អ្នកជំនាញ អ្នកបច្ចេកទេស និងបុគ្គលិកក្រុមហ៊ុនវៀតណាម មិនឲ្យឆ្លងដែនផងដែរ។

 


លិខិតបញ្ជាក់ទៀតថា ការផ្អាកនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដាតទៅ។ យ៉ាងណាក៏ដោយ ការផ្អាកការចេញចូលតាមព្រំដែននេះ ត្រូវលើកលែងចំពោះការធ្វើដំណើរ ទៅព្យាបាល នៅប្រទេសវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្ម តាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំង ២ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេស ពីរាជរដ្ឋាភិបាល។  


ដោយឡែក ចំពោះបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលចូលមកកម្ពុជា រួចហើយ ទាំងអ្នក ដែលធ្វើចត្តាឡីស័ករួច និងអ្នកកំពុងធ្វើចត្តាឡីស័ក មិនអនុញ្ញាតឱ្យត្រឡប់ទៅវៀតណាមវិញឡើយ ក្នុងពេលផ្អាកការចេញ-ចូល បណ្តោះអាសន្ននេះ។ 

 


ក្រសួងការបរទេសកម្ពុជា ក៏បានប្រាប់ឱ្យឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេ វៀតណាម សហការជាមួយអាជ្ញាធរវៀតណាម ក្នុងការសម្របសមរួល កិច្ចដំណើរការនៃការដឹកជញ្ជូនទំនិញ ចេញ - ចូលនានា ដោយអនុវត្តវិធានការសុខាភិបាលឱ្យបានម៉ឹងម៉ាត់ផងដែរ។


សូមបញ្ជាក់ថា ការសម្រេចខាងលើនេះ គឺបន្ទាប់ពីមានក្ដីព្រួយបាម្ភពីសម្ដេចតេជោនាយករដ្ឋមន្ត្រីអំពីហានិភ័យនៃការនាំចូលមេរោគបម្លែងថ្មីប្រភេទ ដែលតា ពីប្រទេសក្បែរខាង ពិសេសពីប្រទេសថៃ និងវៀតណាម ចូលមកប្រទេសកម្ពុជា ខណៈប្រទេសទាំងពីរកំពុងប្រឈមនឹងការឆ្លងរាលដាលខ្លាំង បន្ទាប់ពីរកឃើញវត្តមានមេរោគបម្លែងថ្មីដែលឆ្លងលឿន និងមានភាពកាចសាហាវនេះ៕


អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025