ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥
អតីតជើងខ្លាំងគុនខ្មែរ ធន់ សុភា អះអាងថា ជ័យជម្នះរបស់កូនសិស្សខ្លួន ប៊ុន សុធា ដែលបានផ្ដួលអ្នកប្រយុទ្ធវ័យក្មេង ឃួន ឡាំងកូស៊ីន ក្នុងទឹកទី ២ ហេីយក្លាយជាម្ចាស់ខ្សែក្រវាត់ប្រាក់ទី ៣ កម្មវិធី «អធិរាជគុនខ្មែរ ISI PALM-ISI PIPE» នៅភីអិនអិន ជាការហ្វឹកហាត់ត្រៀមបានយ៉ាងល្អទុកជាមុន និងការផ្ដាស់ប្ដូរយុទ្ធសាស្ត្រប្រយុទ្ធភ្លាមៗ នៅលើសង្វៀនតែម្ដង។
ប្រាប់ភីអិនអិន ក្រោយចប់ការប្រកួតរវាង ប៊ុន សុធា និង ឃួន ឡាំងកូស៊ីន កាលពីថ្ងៃអាទិត្យ ទី ២៤ ខែឧសភា គ្រូបង្វឹក ធន់ សុភា ពន្យល់បែបនេះថា៖ «ការប្រកួតមិញនេះ ជាពិសេស ឃួន ឡាំងកូស៊ីន គេបានព្យាយាមកាប់ជន្ទល់របស់ ប៊ុន សុធា។ អ៊ីចឹងខ្ញុំក៏បានចាប់អារម្មណ៍ខ្លាំងដែរ ព្រោះទឹក ១ហ្នឹង យើងប្រហែសឲ្យ ឡាំងកូស៊ីន ទាត់ចូល និងម៉ាត់ចូលច្រើន។ ចូលទឹក ២ ដើមទឹកហ្នឹង ឡាំងកូស៊ីន ក៏ចាប់ផ្ដើមវាយចូលច្រើនទៀតដែរ។ យើងមើលទៅ អត់សូវស្រួល ខ្ញុំក៏ឲ្យ ប៊ុន សុធា ព្យាយាមការពារ ហើយចូលទាញតាមវាយវិញ បើមិនអ៊ីចឹងទេ ចុងក្រោយ អាចខូចជើង ឬក៏ចូលកណ្ដាប់ដៃរបស់គេ។ តែបេីការពារបានច្រើនជាងនេះ អាចមានឱកាសវាយគេវិញបានច្រើន។ ប៉ុន្តែពេលចូលទៅ គេ ទាត់ចូលភ្លៅច្រើន ម៉ាត់ចូលមុខអ៊ីចឹងទៅ។ ធម្មតា បើឲ្យគេវាយចូលច្រើន នឹងស្រុតហើយ អ៊ីចឹងសំខាន់បំផុត គឺការពារ។ ប៉ុន្តែអម្បាញ់មិញ ឡាំងកូស៊ីន គេធ្វើបានល្អទឹក ១ និងដើមទឹក ២។ ហើយខ្ញុំមើលទៅ ប៊ុន សុធា រាងចាញ់ក្បាច់គេដែរ ។ អ៊ីចឹងខ្ញុំឲ្យចូលវាយកៀក វាយយកធ្ងន់ៗវិញ”។
គ្រូបង្វឹកគុនខ្មែរដ៏លេចធ្លោប្រចាំ សមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទរូបនេះបន្ថែមថា ប៊ុន សុធា ពុំមានចំណុចខ្សោយជើង ដូចអ្នកគាំទ្រមើលឃើញនោះទេ ដោយគ្រាន់តែកូនសិស្សខ្លួនរូបនេះ ពុំសូវចេះព្យាយាម ការពារជន្ទល់ក្រោមរបស់គេប៉ុណ្ណោះ ក្នុងពេលកន្លងមក។
«ប៊ុន សុធា អត់មានចំណុចខ្សោយប្រចាំខ្លួននោះទេ។ ជើងល្អដូចតែគេទាំងអស់ ក៏ប៉ុន្តែ សុធា ភាគច្រើន គាត់ចូលទៅអត់សូវចេះលើកជើង ហើយគេអាចមានឱកាសទាត់ជើងយើងបាន។ យើងព្យាយាមបណ្ដុះកន្លែងហ្នឹងរហូត ឥឡូវ ប៊ុន សុធា គេបាំងបានម្ដងម្កាលដែរ។ ប៉ុន្តែមុនៗ គេអត់សូវព្យាយាមការពារទេ។ ក្រោយៗនេះ គេព្យាយាមការពារបានច្រើន ដូចថា គេទាត់មក ៥ជើង ត្រូវ ៣ ឬ ២ជើងទេ បើពីមុនគេទាត់មក ៥ ត្រូវទាំង ៥»។
សូមបញ្ជាក់ថា ប៊ុន សុធា បានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឆ្ពោះទៅប្រជែងខ្សែក្រវាត់មាស «អធិរាជគុនខ្មែរ ISI PALM-ISI PIPE» នៅភីអិនអិន រួចរាល់ហើយ ជាមួយបេក្ខភាពពីររូបផ្សេងទៀតរួមមាន អេលីត ចំរើន និង អេ ណារ័ត្ន។ ដោយឡែក យុទ្ធនាការរកម្ចាស់ខ្សែក្រវាត់ប្រាក់ទី ៤ ដែលជាខ្សែក្រវាត់ចុងក្រោយ រវាងម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមពីរសម័យ វ៉ាន់ វឿន និងជើងខ្លាំងខេត្តបន្ទាយមានជ័យ លៀប រដ្ឋា នឹងធ្វើឡើងនាថ្ងៃអាទិត្យ ទី ៣១ ខែឧសភា ចុងសប្ដាហ៍នេះ៕
អត្ថបទ និង រូបភាព៖ នូ ពៅ