ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានណែនាំប្រធានពន្ធគារ និងមណ្ឌលអប់រំកែប្រែនៅតាមបណ្ដារាធានីខេត្ត ផ្ទៀងផ្ទាត់ព័ត៌មាន លេខទូរស័ព្ទ និងខ្លឹមសារសង្ខេប រវាងមន្រ្តីទូត និងអ្នកជាប់ឃុំជាជនជាតិបរទេស។ នេះបើតាមសេចក្ដីណែនាំស្ដីពីការទំនាក់ទំនងតាមទូរស័ព្ទរវាងមន្រី្តស្ថានទូត ឬស្ថានកុងស៊ុល ឬស្ថានតំណាង ជាមួយជនជាប់ឃុំជាជនបរទេសនៅចេញដោយឯកឧត្តម ឆែម សាវុធ កាលថ្ងៃទី១មេសា។
ក្នុងសេចក្ដីណែនាំនោះ អគ្គនាយកដ្ឋានពន្ធនាគារបានសង្កេតឃើញថា នៅអំឡុងពេលរីករាលដាលកូវីដ-១៩នេះ មណ្ឌលអប់រំកែប្រែនិងពន្ធនាគាររាជធានី-ខេត្ត មិនបានយកចិត្តទុកដាក់លើទំនាក់ទំនងតាមទូរស័ព្ទរវាងជនជាប់ឃុំជាជនបរទេស និងមន្រី្តស្ថានទូត ឬតំណាងស្ថានកុងស៊ុលឡើយ។ ដូច្នេះដើម្បីរក្សាទំនាក់ទំនងល្អរវាងស្ថានទូត ឬស្ថានកុងស៊ុលឡើងវិញ លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ បានណែនាំឲ្យប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំងអស់ ត្រូវរៀបចំទូរស័ព្ទអចល័ត១គ្រឿង សម្រាប់ទាក់ទងជាមួយមន្រី្តទូត។
បើតាមឯកឧត្តម ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងករណីមន្រី្តមានទូត ឬអ្នកជាប់ឃុំជាជនបរទេស ស្នើសុំសន្ទនាតាមទូរស័ព្ទ មន្ត្រីពន្ធធនាគារ ត្រូវផ្ទៀងផ្ទាត់លេខទូរស័ព្ទ ហើយផ្ដល់ព័ត៌មានទៅអគ្គនាយកដ្ឋានពន្ធនាគារជាមុនសិន ទើបអនុញ្ញាតឲ្យសន្ទនាតាមប្រព័ន្ធទូរស័ព្ទ។ ការសន្ទនានេះ ត្រូវឃ្លាំមើលយ៉ាងហ្មត់ចត់ពីមន្រី្តពន្ធនាគារ។
អគ្គនាយកពន្ធនាគារបានតម្រូវឱ្យរៀបចំមានសៀវភៅគ្រប់គ្រង តាមដាននូវការហៅទូរស័ព្ទរវាងជនជាប់ឃុំជាជនបរទេស និងស្ថានទូត ឬស្ថានកុងស៊ុល ឬស្ថានតំណាងរបស់ខ្លួនឲ្យបានច្បាស់លាស់ ដោយបញ្ជាក់ពីឈ្មោះជនជាប់ឃុំជាជនបរទេស លេខទូរស័ព្ទស្ថានទូត ឬស្ថានកុងស៊ុល ឬស្ថានតំណាង កាលបរិច្ចេទ និងពេលវេលានៃការហៅទូរស័ព្ទ ខ្លឹមសារទាក់ទងសង្ខេប និងកំណត់សម្គាល់ផ្សេងៗ។
សូមបញ្ជាក់ថា កន្លងមក នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ភាគច្រើនគឺបានយកចិត្តទុកដាក់លើទំនាក់ទំនងរវាងមន្រី្តទូតនិងអ្នកជាប់ឃុំជាជនបរទេស។ ប៉ុន្តែដោយសារមានកង្វល់ពីការរាលដាលកូវីដ-១៩ ទើបមួយរយៈចុងក្រោយនេះ មិនបានយកចិត្តទុកដាក់។ នេះបើតាមអគ្គនាយកពន្ធនាគារ។
គិតត្រឹមឆ្នាំ២០២០ កម្ពុជាមានអ្នកជាប់ឃុំជាជនបរទេសប្រមាណជិត២ពាន់នាក់។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍។យ៉ាងណាក៏ដោយក្នុងសេចក្ដីណែនាំនោះអគ្គនាយកដ្ឋានពន្ធនាគារមិនបានបញ្ជាក់ពីផលវិបាកកើតចេញពីភាពចន្លោះប្រហោងក្នុងការគ្រប់គ្រងការទាក់ទងតាមទូរសព្ទរវាងអ្នកជាប់ឃុំជាចនបរទេសជាមួយស្ថានទូត ឬកុងស៊ុលនោះទេ៕
អត្ថបទ៖ រ៉េន រតនៈ រូបភាព៖ ឯកសារ