ថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥

កម្ពុជា នឹងមានសហគមន៍តំបន់ការពារធម្មជាតិថ្មីចំនួន ៩ទៀត កើនដល់ ១៨៣សហគមន៍ នៅទូទាំងប្រទេស

២៥ មីនា ២០២១ | ព័ត៌មានជាតិ

សហគមន៍តំបន់ការពារធម្មជាតិថ្មី ៩ទៀត កំពុងរៀបចំនិតិវិធីបង្កើត និងស្នើសុំការទទួលស្គាល់ពីក្រសួងបរិស្ថាន ដើម្បីចូលរួមអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ សហគមន៍តំបន់ការពារធម្មជាតិ ដែលនឹងត្រូវបង្កើតថ្មីចំនួន ៩ទៀតនេះ នឹងធ្វើឲ្យចំនួនសហគមន៍តំបន់ការពារធម្មជាតិកើនដល់ ១៨៣ នៅទូទាំងប្រទេស។

 


រហូតមកដល់ខែមីនា ឆ្នាំ២០២១នេះ សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៧៤ ដែលនៅជុំវិញ និងក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ត្រូវបានបង្កើតឡើង និងទទួលស្គាល់ដោយក្រសួងបរិស្ថាន។ ក្នុងនោះ មានសហគមន៍តំបន់ការពារធម្មជាតិថ្មី ៩ទៀត បាននិងកំពុងរៀបចំដំណើរការនីតិវិធីបង្កើត ដែលធ្វើឲ្យចំនួនសហគមន៍តំបន់ការពារធម្មជាតិកើនដល់ ១៨៣ នៅទូទាំងប្រទេស។

 


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ភីអិនអិននៅថ្ងៃទី២៤ ខែមីនានេះថា សហគមន៍តំបន់ការពារធម្មជាតថ្មីទាំង៩ ដែលនឹងត្រូវបង្កើតឡើងរួមមាន៖ ១. សហគមន៍ភ្នំទ័ពជាង នៅឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង, ២. សហគមន៍ទឹកធ្លាក់ស្រែអំបិល នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់, ៣. សហគមន៍ដាតាវឹក, ៤. សហគមន៍តាំងយូរ, ៥. សហគមន៍ចាក់អង្រែ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង, ៦. សហគមន៍ព្រៃទ័ព នៅតំបន់ដែនជម្រកសត្វព្រៃព្រះរការ, ៧. សហគមន៍តាទៃលើ នៅតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល, ៨. សហគមន៍ឬស្សីជ្រុំ នៅតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និង៩. សហគមន៍អូរពុងរូង នៅដែនជម្រកសត្វព្រៃកែវសីមា។

 


ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីបង្កើតជាដៃគូសន្ទនារវាងប្រជាសហគមន៍ និងរាជរដ្ឋាភិបាល ផ្តល់ការទទួលខុសត្រូវក្នុងការគ្រប់គ្រង ផ្លាស់ប្តូរយោបល់គ្នា ស្វែងរកដំណោះស្រាយរួមគ្នា ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌ប្រពៃណីទាំងរូបី និងអរូបិឱ្យបានគង់វង្ស និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតអេកូទេសចរណ៍ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន។


សមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិទាំងនោះ ត្រូវបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន ដើម្បីចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើនិងសត្វព្រៃ រួមនឹងជីវៈចម្រុះជាច្រើនទៀតនៅក្នុងតំបន់ព្រៃសហគមន៍ និងតំបន់ការពារធម្មជាតិ។ ជាពិសេស ចូលរួមជាមួយមន្ត្រីឧទ្យានុរក្សចុះល្បាតព្រៃឈើ និងបង្ក្រាបបទល្មើស ក្នុងតំបន់ការពារធម្មជាតិ។ នេះបើតាមការបញ្ជាក់បន្ថែមពីមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន។

 


គួរជម្រាបថា ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ៤១% គឺស្មើនឹងប្រមាណ ៧,៣លានហិកតា នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល ដែលទំហំនេះបានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលមានផ្ទៃដីអភិរក្សធំក្នុងបណ្តាប្រទេសនៅអាស៊ី៕ 


អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025