ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥

យុវជន ចូលរួមយ៉ាងសំខាន់ ក្នុងការផ្លាស់ប្តូរបែបវិជ្ជមាន និងផ្សព្វផ្សាយពីបញ្ហាបម្រែបម្រួលអាកាសធាតុ

២៩ ឧសភា ២០២៤ | ព័ត៌មានជាតិ


នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ សហការជាមួយស្ថាប័នពាក់ព័ន្ធ បានរៀបចំវេទិកាយុវជន ស្តីពីតួនាទីរបស់សារព័ត៌មាន លើការរាយការណ៍អំពីបម្រែបម្រួលអាកាសធាតុ។ វេទិកានេះ ធ្វើឡើង ក្នុងគោលបំណង ផ្តល់ឱកាសដល់យុវជន ចូលរួម និងបញ្ចេញសំឡេង ចំពោះការចូលរួមជាមួយបញ្ហាបរិស្ថាន នៅកម្ពុជា។ 

 


យុវជនមានតួនាទីសំខាន់ ក្នុងការចូលរួមជាទស្សនទានថ្មី និងការផ្លាស់ប្តូរបែបវិជ្ជមានសម្រាប់អ្នកជំនាន់ក្រោយ នេះបើតាមការលើកឡើងរបស់លោក អ៊ុង ប៊ុនអ៊ី ប្រធានដេបាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅក្នុងវេទិការយុវជន ស្តីអំពីតួនាទីរបស់សារព័ត៌មានលើការរាយការណ៍អំពីបម្រែបម្រួលអាកាសធាតុ ដែលរៀបចំឡើងនៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលហៅកាត់ថា CJCC នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤នេះ។វេទិការនេះ ក៏មានការចូលរួមពីតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី ស៊ូ សាណា អ៊េមបឺហ្គឹ មន្ត្រីកម្មវិធីទទួលបន្ទុកសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅស្ថានទូតស៊ុយអែតប្រចាំទីក្រុងភ្នំពេញ តំណាងអង្គការយូណេស្កូ អង្គការសង្គមស៊ីវិល ស្ថាប័នព័ត៌មាន និងយុវជនជាច្រើនរូប។ 

 

 

លោក អ៊ុង ប៊ុនអ៊ី បានលើកឡើងថា វេទិការយុវជននេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់សំឡេងដល់យុវជន ដើម្បីបញ្ចេញទស្សនទានរបស់ពួកគេ លើតួនាទីសារព័ត៌មាន ក្នុងការរាយការណ៍អំពីការប្រែប្រួលអាកាសធាតុ ពិភាក្សាអំពីបញ្ហាប្រឈម និងឱកាស ក៏ដូចជាបំផុសគំនិតពួកគេឱ្យចូលរួមយ៉ាងសកម្មក្នុងការតស៊ូមតិ ដើម្បីនិរន្តភាពបរិស្ថាននៅក្នុងសហគមន៍របស់ពួកគេ។ កម្មវិធីនេះ ក៏ចង់លើកកម្ពស់ការយល់ដឹងអំពីតូនាទីរបស់សារព័ត៌មានក្នុងការរាយការណ៍អំពីបញ្ហាបរិស្ថាន និងពង្រឹងការចូលរួមរបស់យុវជនក្នុងដំណើរការភិវឌ្ឍប្រកបដោយចីរភាព។ 

 

 

ជាមួយគ្នានេះ កញ្ញា ងួន យ៉ែមវត្តី នាយិកាប្រតិបត្តិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ បានលើកឡើងថា តួនាទីរបស់យុវជនក្នុងការចូលរួមផ្សព្វផ្សាយបញ្ហាបរិស្ថានគឺទីមួយពួកគេត្រូវជំរុញខ្លួនឯងជាមុនក្នុងការចូលរួម និងទីពីរ គឺជំរុញអ្នកដែលនៅជុំវិញខ្លួនរបស់ពួកគេបន្ត។ ការធ្វើបែបនេះ គឺដើម្បីទាមទារឱ្យបញ្ហាដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ អាចរកឃើញដំណោះស្រាយកាន់តែល្អប្រសើរ ដើម្បីខ្លួនយើង សហគមន៍យើង និងប្រទេសជាតិយើង។ កញ្ញាក៏លើកទឹកចិត្តដល់យុវជន ឱ្យផ្តល់ឱកាសដល់ខ្លួនឯងចូលរួមជាមួយវគ្គបណ្តុះបណ្តាលផ្សេងៗ ក៏ដូចជាកម្មវិធីស្ម័គ្រចិត្តនានា ដើម្បីរៀនសូត្រ និងទទួលបានបទពិសោធន៍ពីកម្មវិធីទាំងនោះផងដែរ។ 

 

 

ខណៈពេលដែលពិភពលោក កាន់តែមានកំណើនវិបត្តិផ្នែកបរិស្ថាន ដូចជាគ្រោះមហន្តរាយធម្មជាតិ និងបម្រែបម្រួលអាកាសធាតុជាដើម គេក៏សង្កេតឃើញថា មានការផ្សាយព័ត៌មានមិនពិតអំពីបញ្ហាបរិស្ថាននៅតាមវេទិការឌីជីថល ដែលបានក្លាយទៅជាបញ្ហាប្រឈមមួយសម្រាប់មនុស្ស ដូច្នេះការរៀបចំកម្មវិធីនេះឡើង គឺដើម្បីឱ្យយុវជនមានការយល់ដឹង និងរួបរួមគ្នាក្នុងការដោះស្រាយបញ្ហាទាំងនេះ ពិសេសនិស្សិតផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងផ្នែកបរិស្ថាន អ្នកសារព័ត៌មាន អ្នកជំនាញបរិស្ថាន ក្រសួងពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធនានាផ្សេងទៀត៕
 

 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ឆិល សុភ័ស្ត 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025