ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥
ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥
កម្ពុជា បន្តរកឃើញវត្តមាននៃប្រភេទសត្វកម្រៗ នៅលើពិភពលោក ដែលមានវត្តមាន នៅតំបន់ការពារធម្មជាតិ។ ជាក់ស្តែង ថ្មីៗនេះ ក្រសួងបរិស្ថាន ទើបតែប្រកាសរកឃើញ ជ្រូកពោន ឬជ្រូកព្រុល តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ។
រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានរកឃើញវត្តមាននៃប្រភេទជ្រូកពោន ឬជ្រូកព្រុល នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជាតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ។
ជ្រូកពោន ឬជ្រូកព្រុល ដែលជាប្រភេទសត្វស្ថិតក្នុងក្រុមមានដោយកម្រស្ថិត ក្នុងបញ្ជីក្រហម IUCN ថា ជាប្រភេទងាយរងគ្រោះបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាមួយប្រភេទសត្វកម្រៗផ្សេងទៀតដូចជាសត្វដំរី ខ្ទីង ទន្សោង ឈ្លូសយក្ស ខ្លារខិន ខ្លាពពកជាដើម។
មន្ត្រីក្រសួងបរិស្ថាន បានឲ្យដឹថា មិនមានការសិក្សាឱ្យបានលម្អិតពីចំនួនសត្វជ្រូកពោន នៅលើពិភពលោក និងនៅកម្ពុជានោះទេ តែអ្វីដែលកត់សម្គាល់ជ្រូកពោនមាននៅតាមតំបន់ព្រៃ ធម្មជាតិរបស់ប្រទេសកម្ពុជា ពិសេសនៅភាគនិរតី ភាគឥសាន និងភាគខាងជើងប្រទេសកម្ពុជា។
ក៏ប៉ុន្តែបច្ចុប្បន្ន ជ្រូកប្រភេទនេះ កំពុងរងគ្រោះដោយសារតែការបរបាញ់ ការដាក់អន្ទាក់ ដើម្បីយកសាច់ និងយកសំណាកធ្វើអាជីវកម្ម ដោយសារតែពលរដ្ឋមួយចំនួនមានជឿថា ខ្លាញ់ជ្រូកពោនអាចយកទៅធ្វើថ្នាំបុរាណ ជាដើម៕
អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ផ្តល់ដោយជំនាញ