ថ្ងៃអង្គារ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៤

លោក Oriol Mohedano បង្ហាញរបៀបហ្វឹកហាត់របស់អង្គរថាយហ្គឺរ អំឡុងផ្អាកប្រមូលផ្តុំ

១៣ ឧសភា ២០២០ | កីឡា

គ្រូបង្វឹកអង្គរថាយហ្គឺរ លោក Oriol Mohedano បានបង្ហាញផែនការណ៍ហ្វឹកហាត់របស់ក្រុមអំឡុងពេលផ្អាកការប្រមូលផ្តុំហ្វឹកហាត់ជុំគ្នានេះថា លោកបានផ្តោតលើការរក្សាកម្លាំង និង ផ្តល់នូវបច្ចេកទេសមួយចំនួនតាមរយៈអនឡាញ ដើម្បីរក្សាកម្លាំងរបស់កីឡាករទាំងអស់ ធ្វើយ៉ាងណាអោយការត្រៀមខ្លួនគឺរួចរាល់គ្រប់ពេល ដើម្បីរង់ចាំការវិលត្រឡប់ជាថ្មីនៃលីគកំពូលកម្ពុជា ។


គ្រូបង្វឹកជនជាតិអេស្ប៉ាញអោយដឹងបែបនេះ អំឡុងឆ្លើយតបជាមួយ PNN កាលពីពេលថ្មីៗកន្លងទៅ ពីរបៀបហ្វឹកហាត់អំឡុងពេលលីគកំពូលកម្ពុជាសម្រាក ។

 


«ទាក់ទងទៅហ្នឹងអំឡុងពេលផ្អាកការប្រមូលផ្តុំហ្វឹកហាត់ តាំងពីអំឡុងរាជរដ្ឋាភិបានចេញសេចក្តីប្រកាសនោះ យើងបានរៀបចំការហ្វឹកហាត់អនឡាញ គឺតាំងពីថ្ងៃទី៧មេសាមកម៉្លេះ ហើយមួយខែដំបូងនេះគឺយើងប្រកាន់ខ្ចាប់នូវការហ្វឹកហាត់តាមអនឡាញ ហើយលើសពីនេះនោះគឺយើងបានផ្តល់នូវលំហាត់មួយចំនួនទៀតដល់កីឡាករអោយហ្វឹកហាត់ទៀងទាត់ជាប្រចាំថ្ងៃ ហើយយើងបង្វឹកពួកគាត់និងតាមដានពីសកម្មភាពពួកគាត់ អំឡុងពេលហ្វឹកហាត់តាមអនឡាញនេះ»។


អតីតគ្រូបង្វឹកភ្នំពេញក្រោនដដែលបន្តថា លោករំពឹងថាលីគកំពូលកម្ពុជានឹងឆាប់ត្រឡប់មកវិញឆាប់ៗ ហើយលោកនឹងព្យាយាមជួយក្រុមអោយទទួលបានលទ្ធផលល្អសម្រាប់រដូវកាលនេះ តាមរយៈការរៀបចំ ក៏ដូចជាផែនការណ៍ដ៏ត្រឹមត្រូវមួយ សម្រាប់កីឡាករ និង ការលេងសម្រាប់ប្រកួតនិមួយៗផងដែរ ។

 

 

គួររំលឹកថា លោក Oriol Mohedano ប្រឡូកក្នុងវិស័យបាល់ទាត់កម្ពុជាជាលើកដំបូងនៅឆ្នាំ២០១៦ជាមួយភ្នំពេញក្រោន ក្រោយមកក៏ចាកចេញមកចូលរួមជាមួយអង្គរថាយហ្គឺរតាំងពីឆ្នាំ២០១៧រហូតបច្ចុប្បន្ន ។ ដោយឡែកសម្រាប់រដូវកាល២០២០នេះវិញ ឆ្លងកាត់កាត់ការប្រកួតក្នុងលីគ៥សប្តាហ៍កន្លងមក អង្គរថាយហ្គឺរឈរនៅលេខរៀងទី៤មាន៨ពិន្ទុ ក្រោយឈ្នះ២ ស្មើ២ និង ចាញ់១ ៕ 


អត្ថបទ៖ រ៉េត ស្តាលីន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024