ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥
ក្រោយសម្រេចបិទគណនីរបស់លោកដូណាល់ត្រាំ ភាគហ៊ុនរបស់ក្រុមហ៊ុនបណ្តាញសង្គមយក្សអាមេរិក Twitter ត្រូវបានធ្លាក់ចុះយ៉ាងគំហុកក្នុងរង្វង់ ១២% គិតជាទឹកប្រាក់ដែល Twitter បាត់បង់មានចំនួន ៥ពាន់លានដុល្លារអាមេរិក។
នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
តម្លៃភាគហ៊ុននៅលើទីផ្សាររបស់ Twitter ត្រូវបានគេសង្កេតឃើញថា មានការធ្លាក់ចុះជាបន្តបន្តាប់ក្រោយពេលដែលគណនីរបស់លោកត្រាំត្រូវបានបិទលែងដំណើរការ នៅថ្ងៃទី ៨ខែមករា ដោយ Twitter អះអាងថា ការផុសរបស់លោកត្រាំ “ធ្វើឲ្យមានហានិភ័យញុះញង់ឲ្យមានអំពើហិង្សាបន្ថែមទៀត” បន្ទាប់ពីក្រុមបាតុករគាំទ្រលោកបានសម្រុកចូលទៅអុកឡុកក្នុងវិមានរដ្ឋសភា រំខានដល់ការប្រកាសបញ្ជាក់ពីជ័យជំនះរបស់លោកចូបៃឌិន ដែលជាប្រធានាធិបតីជាប់ឆ្នោតថ្មី។
ការខាតបង់ប្រាក់ដ៏សម្បើមពីផ្សារភាគហ៊ុននេះ ទំនងជាមកពីអ្នកវិនិយោគលើភាគហ៊ុនរបស់ Twitter ទាំងនោះបារម្ភថា អ្នកគាំទ្ររបស់ លោកដូណាល់ត្រាំលែងចង់ប្រើប្រាស់បណ្តាញសង្គមមួយនេះ និងអ្នកខ្លះទៀតមិនពេញចិត្តដោយអះអាងថា ការបិទគណនីរបស់ប្រធានាធិបតីជិតផុតអាណត្តិរូបនេះជាហេតុផលទាក់ទងនឹងនយោបាយ ដើម្បីបំបិទសំឡេងភាគីលោកដូណាល់ត្រាំ។
សូមបញ្ជាក់ថា ក្រុមហ៊ុនហ្វេសបុកកាលពីពេលកន្លងទៅក៏បានប្រកាសដែរថា ខ្លួននឹងផ្អាកគណនីរបស់លោកត្រាំ រហូតដល់ថ្ងៃផុតអាណត្តិជាប្រធានាធិបតីរបស់លោក ពោលគឺដល់ត្រឹមថ្ងៃទី២១មករាឆ្នាំនេះ៕
អត្ថបទ៖ ក្រុមការងារសេដ្ឋកិច្ចភីអិនអិន និងរូបភាពឯកសារ