ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥

ក្រសួងអប់រំមិនទាន់ប្រាកដ ចំពោះការបើកបវេសនកាលឆ្នាំ២០២១

២១ ធ្នូ ២០២០ | ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ គេមិនទាន់ដឹងប្រាកដថា ការបើកបវេសនកាល ឆ្នាំ ២០២១ ខាមុខនេះ នឹងត្រូវបានធ្វើឡើង នៅពេលណា និងក្នុងទម្រង់ ឬកម្រិតណានៅឡើយ។ អ្នកនាំពាក្យក្រសួងអប់រំ គ្រាន់តែបានឆ្លើយជាលក្ខណៈយោងថា ក្រសួងនឹងជម្រាបជូនដំណឹងនៅពេលឆាប់ៗខាងមុខនេះ។

 


នៅក្នុងការសន្ទនាគ្នាមួយធ្វើឡើងតាមរយៈបណ្តាញ តេឡេហ្ក្រាម នៅថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២០ នេះ នៅពេលសួរថា គិតមកដល់ពេលនេះ តើក្រសួងមានគម្រោងយ៉ាងណា ចំពោះការបើកបវេស្សនកាលឆ្នាំសិក្សា ២០២១ ខាងមុខនេះ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និង កីឡា បានឆ្លើយក្នុងលក្ខណៈមិនទាន់ប្រាកដប្រជាថា យោងស្មារតី នៃ សេចក្តីជូនដំណឹងលេខ ៨៣ ចុះថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និង កីឡា នឹងជម្រាបជូនដំណឹងបន្ថែមស្តីពីទិដ្ឋភាពពាក់ព័ន្ធ ក្នុងពេលឆាប់ៗខាងមុខនេះ ដែលចម្លើយនេះគឺទំនងជាត្រូវរង់ចាំតាមដានមើលការវិវឌ្ឍ នៃ ស្ថានភាពជំងឺកូវីដ ១៩ នៅ កម្ពុជា សិន ។

 


គប្បីរំឭកថា កាលពីប៉ុន្មានសប្តាហន៍មុននេះ ពោលគឺអំឡុងពេលដែលស្ថានភាពជំងឺកូវីដ ១៩ នៅ កម្ពុជា មានសភាពធូរស្រាលបង្គួរនោះ  ក្រសួងអប់រំ បានគ្រោងថានឹងបើកបវេស្សនកាលឆ្នាំ ២០២១ នៅដើម ខែ មករា ឆ្នាំ ២០២១ ខាងមុខនេះ ។ ប៉ុន្តែបន្ទាប់ពីមានព្រឹត្តិការណ៍ ៣ វិច្ឆិកា និង ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ២០២០ មក អ្វីៗ ត្រូវបានប្រែប្រួល ដែលការប្រប្រួលទាំងនោះ ក៏រួមទាំងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ដែលត្រូវបានប្តូរថានឹងធ្វើឡើងនៅថ្ងៃទី ២១ ខែ និង ២២ ធ្នូ នេះ ដើម្បី ឱ្យបេក្ខជនមានពេលវេលាគ្រប់គ្រាន់ក្នុងការបញ្ចប់កម្មវិធីសិក្សានៅត្រឹមចុងខែ វិច្ឆិកា ដោយពុំមានមហាវិស្សមកាល ពោលគឺត្រូវបានលើកពេលចំនួន ២ ដងមកហើយសម្រាប់ឆ្នាំ ២០២០ នេះ ក៏ត្រូវបានសម្រេចលុបចោលដែរ ហើយតាមរយៈសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដ៏ត្រូវបានយកចិត្តទុកដាក់ពីសាធារណជនយ៉ាងទូលំទូលាយនោះ សម្តេចបានប្រកាសថាបេក្ខជនទាំងអស់ដែលបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នាឆ្នាំ ២០២០ នេះ ត្រូវបានសម្រេចឱ្យជាប់ទាំងអស់គ្នាជាស្ថាពរ ដោយគ្រាន់តែមិនមានចាត់ជានិទ្ទេសតែប៉ុណ្ណោះ ។

 


ជាមួយគ្នានេះ ចំពោះការសិក្សាពំចម្ងាយ និង ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានក្រសួងអប់រំលើកទឹកចិត្តដល់សិស្សានុសិស្ស និង អ្នកពាក់ព័ន្ធឱ្យបន្តអនុវត្ត ពោលគឺឱ្យយកចិត្តទុកដាក់សិក្សាតាមអនឡាញតទៅទៀត ។


ដោយឡែកចំពោះការប្រឡងនានាក្នុងក្របខណ្ឌពុទ្ធិកសិក្សា និង ធម្មវិន័យ  ដែលតាមធម្មតាធ្វើឡើងនៅដើមខែ និង ពាក់កណ្តាលខែ មករា នៃ ឆ្នាំនីមួយៗនោះ PNN មិនទាន់ទំនាក់ទំនងបានក្នុងការអះអាងថាជាយ៉ាងណានៅឡើយទេ នៅថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២០ នេះ ពីសំណាក់មន្ត្រីទទួលបន្ទុក ហើយ PNN នឹងបន្តព្យាយាមរកការឆ្លើយបញ្ជាក់នៅពេលបន្តបន្ទាប់ទៀត ពីសំណាក់មន្ត្រីទទួលបន្ទុកពុទ្ធិកសិក្សា ក៏ដូចជា ធម្មវិន័យ ៕

 

អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025