ថ្ងៃអង្គារ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៥

គណៈកម្មាធិការជាតិ ដាក់វិធានការ ៥ ដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០២១

០៣ ធ្នូ ២០២០ | ព័ត៌មានជាតិ

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញវិធានការ៥ចំណុច សម្រាប់ការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាមសេចក្ដីណែនាំចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង។ នៅក្នុវិធានការនោះ គេឃើញគណៈកម្មាធិការជាតិបានណែនាំឱ្យផ្ដោតលើការអនុវត្តច្បាប់ចំពោះបទល្មើសចតយានយន្ត និងការមិនគោរពភ្លើងសញ្ញា និងគំនូសចរាចរណ៍ជាដើម។

 


បង្កើនការរៀបចំសណ្ដាប់ធ្នាប់ចរាចរណន៍ឱ្យមានរបៀបរៀបរយ ដោយធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ចំពោះករណីល្មើសក្នុការចតយានយន្ត ការមិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងការប្រើប្រាស់ចិញ្ចើមផ្លូវដោយគ្មានការអនុញ្ញាត  គឺជាកិច្ចការអាទិភាពនៅក្នុងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២១។ នេះបើតាមសេចក្ដីណែនាំរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែល pnn ទទួលបាន នៅថ្ងៃទី២ ខែធ្នូនេះ។

 


សម្ដេចក្រឡាហោម ខេង ដែលជាប្រធានគណៈកម្មាធិការជាតិមួយនេះ បានបន្តណែនាំឱ្យអាជ្ញាធរ និងសមត្ថកិច្ច បង្កើនការយកចិត្តទុកដាក់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ឱ្យមានតែមានប្រសិទ្ធភាព បន្តការផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ យកចិត្តាំទុកដាក់អនុវត្តចលនាប្រឡងប្រណាំង តំបន់ពិសេសនៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងត្រូវខិតខំពង្រឹងវិន័យ សីលធម៌ គណធម៌ និងមនសិការវិជ្ជាជីវៈ រួមទាំងការលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានជាប់ជាប្រចាំ។

 


សូមបញ្ជាក់ថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២០នេះ  កម្ពុជាបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ចំនួន៧៧៨លើក ស្មើ២៣% អ្នកស្លាប់បានថយចុះ ចំនួន២៨៨នាក់ ស្មើ១៧% និងអ្នករបួសថយចុះ ១២០៧នាក់ ស្មើ២៣% បើប្រៀបធៀបរយៈពេលដូចគ្នា នាឆ្នាំ២០១៩។ លទ្ធផលនេះបានកើតឡើងបន្ទាប់ពីមានការវិសោធនកម្មច្បាប់ដើម្បីបង្កើនកម្រិតទោសផាកពិន័យ និងជាពន្ធនាគារលើអ្នកបំពានច្បាប់ចរាចរណ៍ និងការបង្កើនសកម្មភាពរឹតបន្តឹងការអនុវត្តច្បាប់ ខណៈពលរដ្ឋកាន់តែច្រើនបានចូលរួមគាំទ្រ។

 


នៅក្នុងសេចក្ដីណែនាំ សម្តេច ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីយកចិត្តទុកដាក់ បំពេញភារកិច្ចដ៏ថ្លៃថ្លា ប្រកបដោយស្មារតីទទួលខុសត្រូវ របស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីសាធារណការ និងដឹកជញ្ជូន និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការត្រួតពិនិត្យ រឹតបន្តឹងអនុវត្តន៍ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ និងប្រជាពលរដ្ឋដែលបានចូលរួមគោរពច្បាប់៕

 

អត្ថបទ៖ រ៉េន រតនៈ        រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025