ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

បុរសជិះអំបោស​ធ្វើដំណើរតាមផ្លូវ ក្នុងពេលស្ទះរចរាចរណ៍ នៅប្រេស៊ីល

ខណៈដែលទីក្រុង សៅប៉ូឡូ ប្រទេសប្រេស៊ីល មានការកកស្ទះចរាចរណ៍តាមផ្លូវកាន់តែខ្លាំងឡើងនោះ បុរស២នាក់បាន​ច្នៃប្រឌិតអំបោសដាក់​កង់​ជិះតាមផ្លូវធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លោក វីនីសៀស សេងធឹស (Vinícius Sanctus) អាយុ ៣៩ ឆ្នាំ និងលោក  អាឡេស្សានដ្រូ រុស្សូ (Alessandro Russo) អាយុ ២៨ ឆ្នាំកំពុងធ្វើដំណើរ​តាមផ្លូវសំខាន់ៗ​នៅក្នុងទីក្រុងនេះ ដោយពួកគេបានជិះអំបោសមានដងវែងដែលបានច្នៃដាក់កង់ម៉ូតូតែមួយ។

 


បុរសទាំង២នេះ​បាននិយាយថា ដើម្បីកាច់ចង្កូតអំបោសយន្តនេះ អ្នកទាំង២គ្រាន់តែកាច់ខ្លួនទៅរកទិសដៅដែលពួកគេចង់ធ្វើដំណើរទៅគឺជាការស្រេច។ ដំបូងឡើយពួកគេត្រូវធ្វើការហ្វឹកហាត់ដើម្បីអាចបញ្ជាអំបោសយន្តនេះដែលអាចរត់ល្បឿនខ្លាំងបំផុត ៦០ គីឡូម៉ែត្រក្នុង​១ម៉ោង។

 


រហូតមកដល់ពេលនេះ ការប្រើប្រាស់អំបោសយន្តនេះនៅមិនទាន់មានភាពទូលំទូលាយនៅឡើយទេ ប៉ុន្តែលោក រ៉ូស្សូ និងលោក សែងធឹស មានផែនការដាក់លក់អំបោសនេះនៅលើទីផ្សារដែលអាចមានតម្លៃប្រហែល ៤ ០០០ រ៉ៃ ឬប្រហែល ៧៤៣ ដុល្លារអាមេរិកក្នុងមួយគ្រឿង។

 


បុរសទាំង២នាក់នេះបាននិយាយដោយក្ដីសង្ឃឹមថា ប្រជាពលរដ្ឋទូទៅនឹងអាចសាកល្បងជិះអំបោសយន្តមួយនេះ​ដោយក្ដីរីករាយ ដោយហេតុថា នៅពេលពួកគេបានជិះវាហើយ វានឹងធ្វើឱ្យពួកគេនឹកឃើញដល់ការលេងសើចបែបកីឡាដ៏លេចធ្លោម្យ៉ាងនៅក្នុងពិភពវេទមន្តរបស់លោក រ៉ូដលីង៕

 

ប្រែ​សម្រួល​៖ បុិច សុីនួន
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025