ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥
គណៈប្រតិភូបរទេស នឹងត្រូវបានយកសំណាក ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ យ៉ាងឆាប់រហ័ស ពេលមកដល់កម្ពុជា មុនពេលចូលគាល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី ឬមុនចូលជួបមេដឹកនាំកំពូលៗរបស់កម្ពុជា។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចុះហត្ថលេខាដោយឯកឧត្តម ម៉ម ប៊ុនហេង ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកានេះ។ នេះគឺជាការណែនាំបន្ទាប់ពីកម្ពុជា បានជួបព្រឹត្តិការណ៍៣វិច្ឆិកា។
ឥស្សរជនបរទេសទាំងអស់ដែលត្រូវបំពេញទស្សនកិច្ចកម្ពុជា ហើយចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ សម្ដេចព្រះមហាក្សត្រី ឬជួបពិភាក្សាងារ និងសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំជាតិកំពូលៗ ដូចជាប្រធានព្រឹទ្ធសភា រដ្ឋសភា និងនាយករដ្ឋមន្ត្រី ពេលមកដល់ទឹកដីព្រះរាជាណាចក្រកម្ពុជាភ្លាម គឺសុទ្ធតែត្រូវឆ្លងកាត់ការធ្វើតេសបន្ទាន់រកមេរោគកូវីដ១៩ជាមុនសិន។ នេះបើតាមសេចក្ដីណែនាំរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
បើនិយាយឱ្យកាន់តែលម្អិតទៀតនោះ ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ថា បើជំនួបនោះត្រូវធ្វើឡើងនៅពេលព្រឹក គឺត្រូវធ្វើតេស្តរកវីរុសកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅពេលយប់ឱ្យហើយ និងប្រសិនបើជំនួបត្រូវធ្វើឡើងនៅពេលរសៀល គឺត្រូវធ្វើតេស្តរកវីរុសកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅពេលព្រឹកឱ្យបានរួចរាល់ មុនចូលគាល់ព្រះមហាក្សត្រឬព្រះមហាក្សត្រី] ឬមុនចូលជួប មេដឹកនាំកម្ពុជា។
បើតាមឯកឧត្តម ម៉ម ប៉ុនហេង ទោះបីជាត្រូវធ្វើតេស្តពេលមកដល់កម្ពុជា ក៏គណៈប្រតិភូបរទេស ត្រូវមានវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ និងមិនមានរោគសញ្ញាអំពីជំងឺកូវីដ-១៩ មុនពេលចេញដំណើរ មកកម្ពុជាដូចកន្លងទៅដែរ ដោយវិញ្ញាបនបត្រនេះត្រូវចេញនិងបញ្ជាក់ដោយរដ្ឋាភិបាលរបស់គណៈប្រតិភូបរទេសនោះ និងផ្ដាំថាគណៈប្រតិភូបរទេសត្រូវចៀសវាងការជួបជុំក្នុងពិធីណា ដែលប្រមូលផ្តុំមនុស្សច្រើន មុនជំនួបកើតឡើង។
ក្នុងករណីសមាជិកគណៈប្រតិភូណាម្នាក់ មានរោគសញ្ញាផ្តាសាយ រដ្ឋមន្ត្រីសុខាភិបាលបានសង្កត់ធ្ងន់ថានឹងមិនអនុញ្ញាតឲ្យចូលគាល់ ឬជួបសវនាការនោះទេ និងបន្ថែមថាជំនួបអាចនឹងលុបចោលភ្លាម បើមានការជូនដំណឹងរបស់មន្ទីរពិសោធន៍ពីលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ-១៩ ឬមានការសង្ស័យណាមួយពីជំងឺកូវីដ-១៩ ខណៈកិច្ចសន្ទនាក្នុងជំនួប ក៏មិនគួរលើសពី៤៥នាទីឡើយ ដោយត្រូវពាក់ម៉ាស់ជាប់ជានិច្ច រួមទាំងត្រូវរក្សាគម្លាតពីគ្នាយ៉ាងតិច១ម៉ែត្រកន្លះ។
នៅក្នុងសេចក្តីណែនាំដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអះអាងថា គណៈប្រតិភូបរទេស អាចថតរូបអនុវស្សាវរីយ៍ ដោយពាក់ម៉ាស ឬដោយមិនពាក់ម៉ាស់ តាមព្រះរាជានុញ្ញាតរបស់ព្រះមហាក្សត្រ ព្រះមហាក្សត្រី ឬតាមការអនុញ្ញាតរបស់ថ្នាក់ដឹកនាំកម្ពុជា ប៉ុន្តែត្រូវរក្សារយៈពេលយ៉ាងខ្លីបំផុត និងត្រូវរក្សាគម្លាតសុវត្ថិភាព ក្នុងពេលថត។
សូមបញ្ជាក់ថា ចេញសេចក្តីណែនាំនេះបានធ្វើឡើង បន្ទាប់ពីកម្ពុជាជួបព្រឹត្តិការណ៍៣វិច្ឆិកា សំដៅដល់ដំណើរទស្សនកិច្ចឯកឧត្តម Péter Szijjártó រដ្ឋមន្ត្រីការបរទេសហុងគ្រី និងគណៈប្រតិភូ នៅកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលពេលចេញពីកម្ពុជា ទៅដល់ថៃ រដ្ឋមន្ត្រីការបរទេសហុងគ្រី ត្រូវរកឃើញថា ផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី៤ ខែវិច្ឆិកា។
ភាគីកម្ពុជា រាប់ទាំងតំណាងរាស្ត្រ នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីមួយចំនួន រួមទាំងមនុស្សជាង៣ពាន់នាក់ទៀត ដែលបានជួបប្រាស្រ័យទាក់ទងទាំងផ្ទាល់ទាំងប្រយោលជាមួយគណៈប្រតិភូហុងគ្រី ត្រូវបានធ្វើតេស្តរកវីរុសកូវីដ-១៩ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ ក្នុងចំណោមអ្នកទាំងនោះ មានមនុស្ស៤នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា ត្រូវបានរកឃើញថា មានជំងឺកូវីដ-១៩៕
អត្ថបទ៖ រ៉េន រតនៈ រូបភាព៖ ឯកសារ