ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥
ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥
ក្រសួងបរិស្ថាន កាលពីថ្ងៃទី១៣ ខែតុលានេះ បានសម្ពោធរថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័ត ដែលជារថយន្តលើកដំបូង ក្នុងការតាមដានគុណភាពខ្យល់នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ មន្ត្រីជំនាញក្រសួងបានបញ្ជាក់ថា រថយន្តចល័តនេះ នឹងប្រើប្រាស់សម្រាប់ត្រួតពិនិត្យគុណភាពខ្យល់នៅតាមព្រំដែន ដើម្បីគ្រប់គ្រងការបំពុលខ្យល់ឆ្លងដែន។
រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់រថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័ត ១គ្រឿង និងជារថយន្តលើកដំបូងនៅកម្ពុជា ឲ្យទៅក្រសួងបរិស្ថាន ដើម្បីអនុវត្តក្នុងការងារតាមដានគុណភាពខ្យល់ និងគ្រប់គ្រងទីតាំងប្រភពបំពុលខ្យល់ឲ្យបានកាន់តែប្រសើរ។
ក្នុងកម្មវិធីសម្ភោធរថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័ត កាលពីថ្ងៃទី១៣ ខែតុលានេះ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម ជា ស៊ីណា អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានឲ្យដឹងថា មកដល់ពេលនេះ ឧបករណ៍តាមដានគុណភាពខ្យល់ស្វ័យប្រវត្តិត្រូវបានបំពាក់នៅតាមរាជធានី ខេត្តចំនួន ៤៩គ្រឿង ក្នុងនោះរាជធានីភ្នំពេញ ១១គ្រឿង និងខេត្តចំនួន២៨គ្រឿង ហើយនឹងត្រូវបំពាក់ចំនួន ៨គ្រឿងបន្ថែមទៀត។
ឯកឧត្តមបានបញ្ជាក់ថា រថយន្តចល័តដែលជាសមិទ្ធផលថ្មីមួយទៀតដែលក្រសួងបរិស្ថានទទួលបានពីរាជរដ្ឋាភិបាល នឹងយកទៅប្រើប្រាស់ក្នុងការត្រួតពិនិត្យគុណភាពខ្យល់នៅតាមព្រំដែន ដើម្បីគ្រប់គ្រងការបំពុលខ្យល់ឆ្លងដែន។
សូមជម្រាបថា រថយន្តបំពាក់ឧបករណ៍ស្វ័យប្រវត្តិត្រួតពិនិត្យគុណភាពខ្យល់ចល័តមួយគ្រឿងនេះ ត្រូវបានឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ឈ្មោះឲ្យថា វិស្ណុត្រួតពិនិត្យគុណភាពខ្យល់។ រថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័តនេះ មានសមត្ថភាពអាចត្រួតពិនិត្យចំនួន ១៦ប៉ារ៉ាម៉ែត្រ និងអាចត្រួតពិនិត្យភាគល្អិតនិចលដែលមានវិជ្ជមានត្រឹមតែ ១មីក្រូម៉ែត្រ ហៅថា PM.1 ដែលអាចឲ្យក្រសួងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការតាមដានគុណភាពខ្យល់នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា សម្រាប់ប្រមូលទិន្នន័យគុណភាពខ្យល់ផ្សព្វផ្សាយជូនដល់សាធារណជនឲ្យបានកាន់តែសុក្រឹត និងទាន់ពេលវេលា។
ជាមួយគ្នានេះ តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងអេកូឡូស៊ី និងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន នៅចុងឆ្នាំនេះ កម្ពុជានឹងទទួលបានស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ចំនួន ១០គ្រឿង និងសម្ភារៈបច្ចេកទេស ដើម្បីឲ្យក្រសួងអាចធ្វើការតាមដាន និងព្យាករណ៍គុណភាពខ្យល់នៅកម្ពុជាប្រកបដោយសុក្រឹតភាព៕
អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ហ៊ុន សុជាតា