ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ព្រឹត្តិការណ៍កីឡាភ្នំឱរ៉ាល់ឆ្នាំ ២០២០ ត្រូវបង្ខំចិត្តលើកពេល​ ព្រោះ​មូលហេតុ​ធំ​ពីរ

០៥ ឧសភា ២០២០ | កីឡា

ប្រធានគម្រោងរៀបចំព្រឹត្តិការណ៍កីឡាភ្នំឱរ៉ាល់ លោក ព្រំ រស្មី ថ្លែងប្រាប់ PNN SPORTS នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះថា លោកបានសម្រេចពន្យារពេលរៀបចំព្រឹត្តិការណ៍កីឡាភ្នំឱរ៉ាល់នេះជាផ្លូវការហើយ ដោយត្រូវរង់ចាំដល់ចុងឆ្នាំ២០២០ទេីប​គិតគូរ​បន្តទៀត ។

 

កត្តាចម្បងៗដែលបង្ខំឱ្យព្រឹត្តិការណ៍កីឡាតំបន់ភ្នំឱរ៉ាល់ខេត្តកពង់ស្ពឺនេះ ត្រូវបានពន្យារ​ពេលរៀបចំ ក៏ព្រោះគណៈកម្មាការរៀបចំការប្រកួតជាប់រវល់ភារៈកិច្ចផ្ទាល់ខ្លួន។ មួយវិញទៀត ដោយសារវិបិត្តសេដ្ឋកិច្ច ស្របពេលការស្នើសុំការឧបត្ថម្ភពីបណ្តាក្រុមហ៊ុននានា​ ក៏ពុំទាន់បានធ្វើបន្ត ឯកីឡាករ កីឡាការិនី ដែលត្រៀមចូលរួមប្រកួតប្រជែង ក៏នៅបារម្ភពីការឆ្លងមេរោគកូវីដ១៩ទៀត ដូច្នេះហើយទើបគណៈកម្មារៀបចំ សម្រេចពន្យារពេលបែបនេះ។

 

 

«បើទោះបីជា​ជំងឺកូវីដ​​រាងស្ងប់ស្ងាត់បន្តិចមែន តែក្រុម Organizer របស់យើងនៅរវល់រឿងផ្ទាល់ខ្លួនច្រើន ហើយ​ភ្ជាប់ជាមួយនឹងបញ្ហាវិបត្តិសេដ្ឋកិច្ច។  មួយទៀត​ទាក់ទងនឹងការធ្វើសំណើសុំ Sponsor ក៏យើងពុំទាន់បានធ្វើ​បន្ត ដើម្បីយក​ថវិកា​មករៀបចំ ម្យ៉ាង​បើយើងរៀបចំ ក៏មិនមានភាពទូលំទូលាយដោយអ្នកចូលរួម និងប្រជាពលរដ្ឋនៅឱរ៉ាល់ គាត់នៅមានការភ័យខ្លាចពីការជួបជុំនៅឡើយ។ អ៊ីចឹងគម្រោងហ្នឹង គឺយើងសម្រេចលើកពេលរៀបចំរហូតដល់ចុងឆ្នាំ ទើបយើងគិតគូរជាថ្មីបន្តទៀត»។

 

 

គួររំលឹកថា បើតាមគម្រោង ព្រឹត្តិការណ៍កីឡាភ្នំឱរ៉ាល់លើកដំបូងនេះ ត្រូវរៀបចំអំឡុងខែឧសភាឆ្នាំ ២០២០នេះ។ គោលបំណងនៃការរៀបចំ គឺដើម្បីផ្សព្វផ្សាយ និងលើកស្ទួយពីវិស័យកីឡាទេសចរណ៍នៅកម្ពុជា ដោយគ្រោង​ដាក់កីឡាច្រើនប្រភេទដូចជា ប្រណាំងរថយន្ត, ប្រណាំងម៉ូតូ និងកីឡារត់ប្រណាំង តែ​ឥឡូវ​គម្រោង​នេះ​ត្រូវ​បាន​លេីក​ពេលសិន៕

 

អត្ថបទ៖ ងិន មករា

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024