ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ក្រុមឡាន OFF-ROAD បន្តការងារមនុស្សធម៌លើកទី៥ នាតំបន់ដាច់ស្រយាលឆាយរាប ខេត្តកោះកុង

២២ កក្កដា ២០២០ | កីឡា

ក្រោយចំណាយពេលធ្វើដំណើរ១យប់២ថ្ងៃ នៅទីបំផុតក្រុមប្រណាំងរថយន្ត Off Road កម្ពុជា បានទៅដល់វត្តពោធិបឹង ដែលជាទីអារាមដាច់ស្រយាលមួយកំពុងខ្វះខាតខ្លាំង ស្ថិតក្នុងភូមិឆាយរាប ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីប្រគេនទេយ្យទានមួយចំនួនធំ ដែលក្រុម Off Road កម្ពុជា បានកៀរគរពីសមាជិករបស់ខ្លួននៅចុងសប្តាហ៍នេះ។

 


ថ្លែងប្រាប់ PNN SPORTS ពីខេត្តកោះកុង ប្រធានដឹកនាំក្រុម លោក ព្រំ រស្មី បានឱ្យដឹងថា នេះមិនមែនជាលើកទី១ទេ ដែលក្រុម Off Roadកម្ពុជាបង្កើតការងារមនុស្សធម៍។ ក្រៅពីការងារនេះ លោកព្រំរស្មី ក៏បានចាត់ទុកវាជាឱកាស ល្អមួយដើម្បីផ្សព្វផ្សាយ តំបន់ទេសចរណ៍កីឡាមួយកន្លែងក្នុងតំបន់ឆាយរាបនេះផងដែរ។

 


«យើងពិតជារីករាយណាស់ដែលយើងបានមកដល់វត្តពោធិបឹង ដែលជាវត្តដាច់ស្រយ៉ាលមួយកំពុងខ្វះខាត។ នេះជាការធ្វើដំណើរកំសាន្តមួយរបស់ក្រុមយើង ហើយក៏ឆ្លៀតរៃអង្គាសថវិការបស់សមាជិកក្រុមយើង ទិញជាទានវស្សាហ៍ គ្រឿងបរិភោគ និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃក្នុងវត្តនេះ។ ថ្ងៃនេះ យើងមានរថន្តចំនួន១០គ្រឿង ដែលធ្វើដំណើរពីភ្នំពេញ ឆ្លងកាត់ផ្លូវដ៏លំបាក ចំនួន១យប់២ថ្ងៃទើបយើងមកដល់គោលដៅ។ ក្រៅពីផ្សារភ្ជាប់ការងារសាសនា ពួកយើងក៏បានផ្សព្វផ្សារពីតំបន់ទឹកធ្លាក់មួយកន្លែងឈ្មោះថា ថ្មសំពៅ ក្នុងខេត្តកោះកុងផងដែរ។ នេះជាអ្វីដែលក្រុមយើងតែងរៀបចំ ទាំងការរៀបចំការប្រកួត ការធ្វើដំណើរកំសាន្ត និងការធ្វើការងារមនុស្សធម៍ផងដែរ»។

 


ដោយឃើញទីអារាមដដែលនេះ នៅមានភាពខ្វះខាតខ្លាំង លោក ញឹម សុវណ្ណារ៉ូ ដែលជាសាមជិក Off Road ម្នាក់ដែរនោះ បានសន្យាថានឹងបន្តកៀរគរធនធានពីសប្បុរសជនដទៃផ្សេងទៀត មកជួយវត្តនេះទៅថ្ងៃមុខម្តងទៀត។ 


«តាមគម្រោងយើងនឹងបន្តជួយឧបត្ថម្ភវត្តនេះបន្តទៀត ប្រសិនបើខាងវត្តជួយរាយការណ៍មកយើង។ យើងកំពុងេពិភាគ្សាជាមួយអាជ្ញាធរដែនដីនៅទីនេះ តើថាគួរធ្វើអ្វីបន្តទៀត ដើម្បីជួយសម្រួលដល់ព្រះសង្ឃក្នុងវត្តទៅថ្ងៃមុខ»។

 

 


គួរបញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលក្រុមរយន្ត Off-Road កម្ពុជាបានធ្វើដំណើរទៅកាន់ទីដាច់ស្រយ៉ាលនៅតំបន់ឆាយរាប ខេត្តកោះកុង ដើម្បីធ្វើការងារមនុស្សធម៍ផ្សេងៗផងដែរ ដូចជា ចែកសម្ភារៈសិក្សា សម្ភារៈការពាររដូវភ្លៀង នឹងរដូរងារជូនដល់ពលរដ្ឋនៅទីនោះផងដែរ៕

អត្ថបទ និងរូបភាព៖ ងិន មករា

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024