ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥

កម្មករក្រុមហ៊ុន ស៊ីនទ្រី មួយចំនួន បន្តធ្វើកូដកម្ម រីឯរដ្ឋបាលរាជធានីភ្នំពេញ ចាត់វិធានការដោយប្រើប្រាស់កម្លាំង និងមធ្យោបាយសរុប ដើម្បីប្រមូលសំរាម ដែលកកស្ទះ

០៩ តុលា ២០២០ | ព័ត៌មានជាតិ

កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រីប្រមាណជាង ២ពាន់នាក់ កាលពីព្រឹកថ្ងៃទី០៧ ខែតុលា ម្សិលមិញ បានសម្រេចចិត្តចេញប្រមូលសំរាម នៅក្នុងរាជធានីភ្នំពេញឡើងវិញ ក្រោយពីប្រមូលផ្តុំធ្វើកូដកម្ម រយៈពេលជិតមួយសប្តាហ៍កន្លងមក។ ប៉ុន្តែមកដល់ព្រឹកថ្ងៃទី៨ ខែតុលានេះ កម្មករក្រុមហ៊ុន ស៊ិន ទ្រី ប្រមាណ ៣០០នាក់ បានប្រមូលផ្ដុំធ្វើកូដកម្មបន្តទៀត ដែលធ្វើអោយសកម្មភាពប្រមូលសំរាមនៅតែបន្តកកស្ទះ។ ចំពោះស្ថានភាពនេះ រដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងការណ៍ ដោយបង្ហាញការសោកស្ដាយ និងបានប្រកាសចាត់វិធានការដោយប្រើប្រាស់កម្លាំង និងមធ្យោបាយសរុប ដើម្បីប្រមូលសំរាម ដែលការកកស្ទះ ឲ្យអស់ពីក្នុងក្រុង។

 


បន្ទាប់ពីការចរចាកាលពីព្រឹកថ្ងៃទី៧ ខែតុលា ម្សិលមិញ ដោយកម្មករក្រុមហ៊ុន ស៊ីនទ្រី បានព្រមព្រៀង ចេញប្រមូលសំរាមឡើងវិញ ក្រោយពីប្រមូលផ្តុំធ្វើកូដកម្ម រយៈពេលជិតមួយសប្តាហ៍កន្លងមក។ មកដល់ព្រឹកថ្ងៃទី៨ ខែតុលានេះ កម្មករក្រុមហ៊ុន ស៊ិន ទ្រី មួយចំនួនបានបន្តប្រមូលផ្ដុំធ្វើកូដកម្ម មិនចេញប្រមូលសំរាមនៅមុខទីតាំងរបស់ក្រុមហ៊ុន ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាហេតុធ្វើអោយបញ្ហាសំរាមបន្តកកស្ទះនៅលើដងផ្លូវនានាដដែល ។

 


ចំពោះស្ថានភាពនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញការសោកស្ដាយ ចំពោះទង្វើរបស់កម្មករនិយោជិតរបស់ ក្រុមហ៊ុន ស៊ីនទ្រី មួយចំនួនដែលមិនបានគោរពតាមការព្រមព្រៀង ដូចមានចែងក្នុងកំណត់ហេតុ អង្គប្រជុំ ដែលបានធ្វើឡើងកាលថ្ងៃម្សិលមិញ។ ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញក៏បានចាត់វិធានការដោយប្រើប្រាស់កម្លាំង និងមធ្យោបាយសរុប ដើម្បីប្រមូលសំរាមដែលការកកស្ទះ អោយអស់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ 

 


គួរបញ្ជាក់ថា កម្មកររបស់ក្រុមហ៊ុនសិនទ្រី បានចាប់ផ្តើមធ្វើកូដកម្មតវ៉ាផ្អាកសកម្មភាពក្នុងការប្រមូលសំរាម តាំងពីល្ងាចថ្ងៃទី០២ ខែតុលា ដើម្បីទាមទារឲ្យក្រុមហ៊ុនបំពេញតាមលក្ខខណ្ឌផ្សេងៗ រួមមាន ការទាមទារប្រាក់បំណាច់អតីតភាពការងារ ប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន ប្រាក់ខែចុងក្រោយ ការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់ ប៉ុន្តែការទាមទាររបស់កម្មករទាំងនេះ ត្រូវខាងភាគីក្រុមហ៊ុន ស៊ីនទ្រី ថាមិនស្របតាមច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្ត ។

 


ក្រោយចរចាគ្នាកាលពីព្រឹកថ្ងៃទី០៧ តុលា ម្សិលមិញ ជាលទ្ធផលភាគីទាំងអស់បានព្រមព្រៀងគ្នា រួមមាន ទី១៖ ចំពោះសំណើរបស់កម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ ទី២៖ ចំពោះការងាររបស់កម្មករនិយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទោះបីក្រុមហ៊ុនស៊ីនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ និងទី៣៖ កម្មករនិយោជិតទាំងអស់នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា តទៅ៕

អត្ថបទ៖ សន រដ្ឋា     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025