ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្លែងនៅមុនពេលឡើងជិះយន្តហោះទៅកាន់សហរដ្ឋអាម៉េរិកនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីថ្លែងសុន្ទរកថានៅឯមហាសន្និបាតសហប្រជាជាតិ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក នេតាន់យ៉ាហ៊ូ បាននិយាយថា លោកនឹងថ្កោលទោសប្រទេសមួយចំនួនដែលបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនក្នុងពេលថ្មីៗនេះនៅក្នុងសុន្ទរកថារបស់លោកនៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃសុក្រស្អែកនេះ។
លោក នេតាន់យ៉ាហ៊ូ បាននិយាយថា លោកនឹងថ្កោលទោសមេដឹកនាំណាដែលមិនព្រមធ្វើការថ្កោលទោសចំពោះឃាតករ អ្នកចាប់រំលោភ និងអ្នកដុតសម្លាប់ក្មេងៗទេប៉ុន្តែបែរជាផ្ដល់ឱ្យពួកគេនូវរដ្ឋមួយនៅចំកណ្ដាលទឹកដីរបស់អ៊ីស្រាអែលទៅវិញដែលវាមិនសមនឹងកើតទាល់តែសោះ។ លោក នេតាន់យ៉ាហ៊ូ បានរំលឹកឡើងវិញអំពីការបដិសេធរបស់លោកចំពោះការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ហើយថាការធ្វើដំណើររបស់លោកពេលនេះក៏នឹងរួមបញ្ចូលនូវជំនួបជាមួយនឹងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ក្នុងទីក្រុងវ៉ាស៊ីនតោនផងដែរ។
លោក ត្រាំ និងលោក នេតាន់យ៉ាហ៊ូ បានថ្កោលទោសចំពោះការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនរបស់មហាអំណាចលោកខាងលិចមួយចំនួនដូចជាបារាំង និងអង់គ្លេសជាដើមនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ អ៊ីស្រាអែលបានរងការថ្កោលទោសជាសាកលជុំវិញសង្គ្រាមរបស់ពួកគេនៅតំបន់ហ្គាហ្សាដែលជិតឈានដល់ពីរឆ្នាំហើយដោយមិនទាន់មានពន្លឺបទឈប់បាញ់បន្តិចណាឡើយ។
ជម្លោះនេះបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញដ៏ធំ និងបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង៦៥ ០០០នាក់។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន