ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥
រដ្ឋមន្រ្តីក្រសួងកសិកម្មហ្វីលីពីន បានបញ្ជាក់ថា ភាគីហ្វីលីពីន ត្រៀមស្វាគមន៍ផលិតផលកសិកម្មកម្ពុជាចូលក្នុងទីផ្សារហ្វីលីពីន សំដៅបង្កើនការធ្វើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិក្នុងវិស័យកសិកម្មរវាងប្រទេសទាំង ២។
នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាជាមួយ ឯកឧត្តម Francisco P.Tiu Laurel រដ្ឋមន្រ្តីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន ដោយកិច្ចពិភាក្សាទ្វេភាគីនេះ ផ្តោតលើ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម។
នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា មានសុទិដ្ឋនិយមខ្ពស់ ក្នុងការជំរុញការងារនាំចេញកសិផលកម្ពុជា និងគូសបញ្ជាក់ថា កម្ពុជា មានកសិផលដែលមានប្រណិតជាច្រើន ជាពិសេសស្រូវអង្ករក្រអូបដែលមានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់។
ទន្ទឺមគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី Francisco P.Tiu Laurel បានលើកឡើងពី តម្រូវការផលិតផលពីកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជនហ្វីលីពីន ក្នុងនោះមានដូចជា៖ អង្ករ ត្រី សាច់ និងបន្លែជាច្រើន។
សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាបញ្ចប់ដោយលទ្ធផលផ្លែផ្កា ដោយគណៈប្រតិភូទាំងពីរ ឈរលើគោលជំហរ ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ធានានូវសន្តិសុខស្បៀង និងជំរុញកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
សូមបន្ថែមថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅរយៈពេល ៨ខែឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញផលិផលកសិកម្មចំនួនជាង ១០លានតោន ទៅកាន់ទិសដៅចំនួន ៨៤ប្រទេស កើនឡើងចំនួន ៣៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដោយទទួលបានប្រាក់ចំណូលជាង ៣លាន ៦សែនដុល្លារអាមេរិក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ