ថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥

៨ខែ ដើមឆ្នាំនេះ កម្ពុជានាំចេញអង្ករ ៤៧ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិទទួលបានចំណូលជាង ៣៤៨លានដុល្លារអាមេរិក

១០ កញ្ញា ២០២៥ | សេដ្ឋកិច្ច

 

ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥នេះ កម្ពុជាសម្រេចការនាំចេញអង្ករបានចំនួន ៤៧ម៉ឺនតោន ទៅកាន់គោលដៅចំនួន ៦៦ប្រទេស តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន ដោយមានទំហំទឹកប្រាក់សរុប ៣៤៨លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

 

 

យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ កម្ពុជានាំចេញអង្ករបានជាង ៤៧ម៉ឺនតោន ទៅកាន់ទីផ្សារគោលដៅ ៦៤ប្រទេស ដោយមានទំហំទឹកប្រាក់សរុបប្រមាណ ៣៤៨ លានដុល្លារអាមេរិក។ 

 


ចំពោះប្រភេទអង្ករ ដែលកម្ពុជាបាននាំចេញមាន អង្ករក្រអូបចំនួន ៨៧% ប្រភេទអង្ករសគ្រាប់វែង ៩% អង្ករចំហ៊ុយ ១% អង្ករសរីរាង្គចំនួន ១,៨៣% និងអង្ករផ្សេងៗចំនួន ០,៤៥% ។ 

 


របាយការណ៍ដដែលនេះ បានបញ្ជាក់ថា ក្នុងរយៈពេល ៨ខែនេះ ការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបមានចំនួន ២៦ប្រទេស មានចំនួន ២ម៉ឺន២ពាន់ តោន គិតជាទឹកប្រាក់ចំនួន ១៧៦ លានដុល្លារអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១១ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ៦៨លានដុល្លារអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ានចំនួន ៧ប្រទេស បានបរិមាណចំនួន ៦ម៉ឺន២ពាន់តោន គិតជាទឹកប្រាក់ចំនួន ៤៣លានដុល្លារអាមេរិក ទៅកាន់គោលដៅ ៣២ប្រទេស ផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន បានចំនួន ៦ម៉ឺន៧ពាន់តោន គិតជាទឹកប្រាក់ចំនួន ៥៩លានដុល្លារសហរដ្ឋអាមេរិក។

 


លើសពីនេះ ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៤លាន៨សែនតោន ស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ១១១៤លានដុល្លារសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ អង្ករកម្ពុជា ដែលទទួលបានការបញ្ជាទិញច្រើនជាងគេ គឺប្រភេទអង្ករក្រអូប ដោយគ្របដណ្ដប់រហូតដល់ ៨៧% ក្រៅពីនោះ ក៏មានការរួមចំណែកពីអង្ករសគ្រាប់វែង, អង្ករចំហុយ និងអង្ករសរីរាង្គផងដែរ។ 

 


សូមជម្រាបថា ឆ្នាំ២០២៤កន្លងទៅ កម្ពុជា ប្រមូលបានចំណូល ១សែន៩ម៉ឺន៨៧ លានដុល្លារ ពីការនាំចេញស្រូវជាង ៥លានតោន និងអង្ករជាង ៦៥ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025