ថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥

ក្រុមហ៊ុនរថយន្តចិន BYD កាត់បន្ថយគោលដៅលក់ជាង ១៦% ក្នុងឆ្នាំ ២០២៥នេះ

១០ កញ្ញា ២០២៥ | សេដ្ឋកិច្ច

 

ក្រុមហ៊ុនរថយន្តចិន BYD បានកាត់បន្ថយគោលដៅលក់របស់ខ្លួនសម្រាប់ឆ្នាំនេះចំនួន ១៦% មកនៅត្រឹម ៤លាន ៥សែនគ្រឿង ដែលជាសញ្ញាកំណើនប្រចាំឆ្នាំយឺតបំផុត ក្នុងរយៈពេល ៥ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិ Reuters នៅថ្ងៃនេះ។

 

 

កាលពីខែមីនា ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ប្រទេសចិន បានប្រាប់អ្នកវិភាគថា ក្រុមហ៊ុន បានកំណត់គោលដៅលក់រថយន្តចំនួន ៥លាន ៥សែនគ្រឿង សម្រាប់ឆ្នាំ ២០២៥ មុននឹងត្រូវកាត់បន្ថយ ១៦% មកត្រឹម ៤លាន ៥សែនគ្រឿង។យ៉ាងណា ប្រភពមិនបញ្ចេញអត្តសញ្ញាណ ប្រាប់ដល់ Reuters ថា គោលដៅលក់របស់ក្រុមហ៊ុន BYD នៅតែអាចផ្លាស់ប្តូរ អាស្រ័យលើលក្ខខណ្ឌទីផ្សារ និងការកើនឡើងនៃ ការប្រកួតប្រជែងជាមួយគូប្រជែងដូចជា Geely Auto និង Leapmotor។

 


កាលពីសប្តាហ៍មុន BYD បានរាយការណ៍ពីការធ្លាក់ចុះ ៣០% នៃប្រាក់ចំណេញប្រចាំត្រីមាស ដែលជាការធ្លាក់ចុះលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលជាង ៣ឆ្នាំ។ជាក់ស្តែង ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ BYD សម្រេចបានត្រឹមតែ ៥២% នៃគោលដៅលក់រថយន្ត ៥លាន ៥សែនគ្រឿងប៉ុណ្ណោះ។

 

 

យ៉ាងណាក៏ដោយ ការលក់រថយន្តអគ្គិសនីសុទ្ធ និងរថយន្ត Plug-in Hybrid របស់ក្រុមហ៊ុន បានកើនឡើង ១០ដង ក្នុងចន្លោះឆ្នាំ ២០២០ និង ២០២៤ ដល់ ៤លាន ៣សែនគ្រឿង ខណៈទីផ្សារក្នុងស្រុក កាន់ចំណែកប្រមាណ ៨០% នៃការលក់សរុប។

 


រថយន្តអគ្គិសនីរបស់ប្រទេសចិន គឺមានសន្ទុះខ្លាំងក្នុងផលិតកម្ម និងការលក់ក្នុងអំឡុងពេល ៧ខែនេះ ដោយការលក់រថយន្តអគ្គិសនី មានចំនួន ៤៥% នៃការលក់រថយន្តថ្មីសរុបទូទាំងប្រទេស។គួរបញ្ជាក់ថា ការលក់យានយន្តនៅក្នុងប្រទេសចិន ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង ៤% ដល់ ៣៣លានគ្រឿងនៅឆ្នាំនេះ បន្ទាប់ពីការកើនឡើង ៤% ក្នុងឆ្នាំ ២០២៤៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025