ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥
ទោះបីជាមមាញឹកចេញច្រៀងតាមការប្រគំតន្រ្តីយ៉ាងណាក៏ដោយ ក៏ម្ចាស់ជយលាភី Rapper Fighter ៤រូប នៅឆ្លៀតពេលធ្វើកម្មវិធីសប្បុរសធម៌ ដើម្បីចែករំលែកក្តីស្រលាញ់ និងលើកទឹកចិត្តដល់ប្អូនៗកុមារកំព្រានៅ កំពង់ស្ពឺ។
ខណៈកំពុងមមាញឹកខ្លាំងជាមួយការងារសិល្បៈ ជាពិសេសការប្រគំតន្ត្រីតាមបណ្តាខេត្ត ម្ចាស់ជយលាភី Rapper Fighter ៤រូប គឺ OG Golden , Ranngo , Toro និង Emi នៅតែឆ្លៀតពេលកៀកករថវិកាដែលបានពីការប្រគំតន្ត្រីនានា និងការចូលរួមពីសប្បុរសធម៌មួយចំនួន បង្កើតជាកម្មវិធីសប្បុរសធម៌មួយ នៅអង្គការបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា ស្ថិតនៅភូមិដីអំបិល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
គ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា និងថវិកាមួយចំនួន ដែលទទួលបានពីការកៀកកររបស់ Rapper Fighter ៤រូប និងសប្បុរសធម៌ ត្រូវបានប្រគល់ជូនទៅនៅអង្គការបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
ដើម្បីបង្កើនភាពស្និទ្ធិស្នាលជាមួយប្អូនៗកុមារកំព្រា ជយលាភី Rapper Fighter ៤រូប បានច្រៀងលេងកម្សាន្ត និងលេងហ្គេមសប្បាយៗជាមួយប្អូន ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ ថែមទាំងបានលើកទឹកចិត្តឱ្យប្អូនៗខំប្រឹងសិក្សារៀនសូត្រ និងកុំបោះបង់ចោលខ្លួនឯងទៀតផង។
OG Golden , Ranngo , Toro និង Emi បានបង្ហាញអារម្មណ៍រំភើបរីករាយជាខ្លាំងដែលបានចុះមកជួបប្អូនៗដោយផ្ទាល់នៅអង្គការបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា នៅខេត្តកំពង់ស្ពឺ ព្រោះនេះជាលើកទី១ដែលម្ចាស់ជយលាភីបានធ្វើកម្មវិធីសប្បុរសធម៌រួមគ្នាតាមគម្រោងដែលគ្រោងទុកតាំងពីចប់ការប្រកួតមកម៉្លេះ។ឆ្លៀតឱកាសដ៏ពិសេសនេះ OG Golden , Ranngo , Toro និង Emi បានផ្ញើរសារលើកទឹកចិត្តប្អូនៗឱ្យខិតខំរៀនសូត្រ កុំបោះបង់ចោលខ្លួនឯង ព្រោះអនាគតនៅវែងឆ្ងាយទៀត។
នេះគ្រាន់តែជាការចាប់ផ្តើមដំណើរផ្លូវនៃកម្មវិធីសប្បុរសធម៌របស់ជយលាភី Rapper Fighter ទាំង ៤រូប ដោយអ្នកទាំង ៤ នឹងបន្តសកម្មភាពសប្បុរធម៌បែបនេះបន្តទៀត តាមទីតាំងផ្សេងៗគ្នាតាមលទ្ធភាពដែលអាចធ្វើទៅបាន ដែលថវិកាទាំងអស់នោះទទួលបានពីការច្រៀងតាមកម្មវិធីប្រគំតន្រ្តី និងការចូលរួមរបស់សប្បុរធម៌ផ្សេងៗដែលមានបំណងចង់ចូលរួមជាមួយពួកយើង៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច