ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥
ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតចំណីសត្វចំនួន ៦ បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការ ជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមផ្សេងទៀត ដូចជា ចុងអង្ករ និងកន្ទក់ ដើម្បីផលិតចំណីសត្វ។
ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ បានធ្វើឡើង នៅព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
តាមអនុស្សរណៈយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀត រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតចំណីសត្វចំនួន៦ នេះ គឺក្រសួងពាណិជ្ជកម្ម នឹងសហការសម្របសម្រួលជាមួយក្រុមហ៊ុនទាំង៦ ដើម្បីប្រមូលទិញពោតក្រហមចំនួន ១៨៩ ០០០ តោន ដំឡូងមីចំនួន ៨១ ៦០០ តោន ចុងអង្ករចំនួន ៥១ ១៣០តោន និងកន្ទក់ចំនួន ៥៧ ៧៣០ តោន។
ក្រសួងពាណិជ្ជកម្ម បានប្រកាសថា ទាំងនេះ បានបង្ហាញឱ្យឃើញពីការចូលរួមជំរុញការវិនិយោគទៅលើការកែច្នៃកសិផលនៅក្នុងស្រុក ក៏ដូចជា បង្កើនគុណតម្លៃ និងការពង្រឹងខ្សែច្រវាក់តម្លៃផលិតផល ស្របពេលដែលកម្ពុជា កំពុងតែជួបប្រទះបញ្ហាការកើនឡើងថ្លៃដើមចំណីសត្វ ព្រមទាំងបង្កើនឱកាសធុរកិច្ចក្នុងការអភិវឌ្ឍន៍វិស័យកសិ-ពាណិជ្ជកម្ម និងលើកស្ទួយសេដ្ឋកិច្ច-សង្គមប្រកបដោយបរិយាប័ន្ន៕
អត្ថបទ និងរូបភាព៖ ក្រសួងពាណិជ្ជកម្ម