ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
សារព័ត៌មានបានចុះផ្សាយតាំងពីសប្ដាហ៍មុនអំពីគម្រោងជួបគ្នារវាងថ្នាក់ដឹកនាំចិន និងថ្នាក់ដឹកនាំធុរកិច្ចនៅក្នុងវិស័យឯកជននៅថ្ងៃចន្ទនេះ។ ក្នុងនោះសូម្បីតែលោកជេកម៉ាដែលជាសហស្ថាបនិកក្រុមហ៊ុន អាលីបាបា ក៏ចូលរួមផងដែរ។
ពិធីជួបជុំនេះរៀបចំឡើងដើម្បីពង្រឹងទំនុកចិត្តនៅក្នុងចំណោមវិស័យឯកជនរបស់ប្រទេសចិន។ គេរំពឹងថានៅក្នុងឱកាសនេះ លោកស៊ីជីនពីងនឹងជំរុញ និងលើកទឹកចិត្តឲ្យម្ចាស់ក្រុមហ៊ុនទាំងឡាយខិតខំពង្រីកទំហំនៃការលក់ចេញរបស់ខ្លួននៅក្នុងប្រទេសចិនផ្ទាល់ និងនៅលើទីផ្សារពិភពលោក។ ចំណាត់ការនេះធ្វើឡើងស្របពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិកចាប់ផ្ដើមកើតឡើងជាបណ្ដើរៗហើយ។
លោក ត្រាំ ប្រកាសដំឡើងពន្ធ១០%ទៅលើទំនិញរបស់ប្រទេសចិន ខណៈដែលចិនប្រកាសដំឡើងពន្ធ១៥%ទៅលើឧស្ម័ន និងធ្យូងថ្មរបស់សហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះសង្គ្រាមបច្ចេកវិទ្យាក៏ចាប់ផ្ដើមកើតមានផងដែរ។ តាំងពីយូរមកហើយ លោកស៊ីជីនពីងតែងតែផ្ដោតសំខាន់ទៅលើភាពឯករាជ្យ-ម្ចាស់ការ។
មានន័យថាខ្លួនទីពឹងខ្លួននៅក្នុងវិស័យអង្គធាតុចម្លងអគ្គិសនីដែលបំពាក់នៅក្នុងគ្រឿងបរិក្ខារអេឡិចត្រូនិច។ លោកក៏ចង់ឲ្យប្រទេសជាតិងាកទៅប្រើប្រាស់បញ្ញាសិប្បនិម្មិតអេអាយឲ្យបានច្រើនដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យរីកចម្រើនកាន់តែខ្លាំង៕
ប្រែសម្រួល៖ អន សំអាង