ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥

រដ្ឋមន្ត្រីការបរទេសអាមេរិក៖ អ៊ីរ៉ង់គឺជាប្រភពដ៏ធំបំផុតសម្រាប់អស្ថិរភាពតំបន់

១៧ កុម្ភៈ ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

ថ្លែងក្នុងជំនួបជាមួយនឹងប្រធានាធិបតីអ៊ីស្រាអែលោក អ៊ីសាក ហ៊ឺហ្សុក (Isaac Herzog) នៅប្រទេស អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ លោក រូប៊ីអូ រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថា ប្រទេស អ៊ីរ៉ង់ គឺជាប្រភពដ៏ធំបំផុតតែមួយគត់ដែលបានបង្កអស្ថិរភាពក្នុងតំបន់ និងជាអ្នកឧបត្ថម្ភគាំទ្រភេរវកម្ម និងអំពើហិង្សានៅលើភពផែនដី។

 

 

លោក រូប៊ីអូ បាននិយាយថា វាសំខាន់ណាស់ក្នុងការរំលឹកប្រជាជនអ៊ីរ៉ង់ថា ពួកគេកំពុងត្រូវបានគ្រប់គ្រងដោយពួកភេរវករជ្រុលនិយមដែលបានដឹកនាំប្រទេសនេះក្នុងទិសដៅខុស ហើយបានផ្តាច់ខ្លួនចេញពីពិភពលោក។ លោក រូប៊ីអូ បានបន្ថែមថា អ៊ីរ៉ង់នៅតែជាបញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់អាមេរិក និងអ៊ីស្រាអែល ហើយលោកក៏បានរំលឹកជាថ្មីចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការនាំយកចំណាប់ខ្មាំងដែលក្រុម ហាម៉ាស បានចាប់នៅ ហ្គាហ្សា ទាំងអស់ត្រឡប់ទៅផ្ទះវិញផងដែរដោយលោកបានសង្កត់ធ្ងន់ថា បញ្ហានេះនៅតែជាបញ្ហាអាទិភាពខ្លាំងបំផុត។

 

 

ចំណែកលោក ហ៊ឺហ្សុក បាននិយាយថា ពួកគេកំពុងស្រែករកជំនួយ ឈឺចុកចាប់ ធ្វើអធិស្ឋាន និងធ្វើការដោយមិន នឿយហត់ដើម្បីនាំចំណាប់ខ្មាំងទាំងអស់ត្រឡប់មកផ្ទះវិញ។ លោក ហ៊ឺហ្សុក បានបន្ថែមថា ពួកគេតែងតែស្វែងរកសន្តិភាព និងតែងតែចង់បានសន្តិភាពនៅក្នុងតំបន់ ហើយលោកជឿថា ទស្សនកិច្ចរបស់លោក រូប៊ីអូ ទៅទីនោះក៏ដូចជាសមត្ថភាពរបស់លោកក្នុងការផ្លាស់ប្តូរក្នុងតំបន់នេះគឺធំធេងខ្លាំងណាស់ ហើយអាចនាំមកនូវក្តីសង្ឃឹមដ៏អស្ចារ្យដល់ប្រជាជនក្នុងតំបន់នេះទាំងមូល៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025