ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥

មេដឹកនាំកូរ៉េខាងជើងលោក ជុងអ៊ុន បានធ្វើដំណើរទៅកាន់ផ្នូរឪពុករបស់លោកដ៏កម្រ

១៧ កុម្ភៈ ២០២៥ | ព័ត៌មានអន្តរជាតិ

ទូរទស្សន៍ KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ីល បានកើតនៅថ្ងៃទី១៦ ខែកុម្ភៈ ហើយត្រូវបានពលរដ្ឋកូរ៉េខាងជើងប្រារព្ធខួបកំណើតរៀងរាល់ឆ្នាំយ៉ាងទូលំទូលាយជាថ្ងៃបុណ្យដ៏សំខាន់នៅប្រទេសកូរ៉េខាងជើងដោយពួកគេបានហៅថ្ងៃកំណើតនេះថាជា«ថ្ងៃផ្កាយព្រឹក»។

 

 

 

កាលពីថ្ងៃអាទិត្យ ទូរទស្សន៍នេះបានផ្សាយថា លោក ជុងអ៊ុន បានធ្វើដំណើរដ៏កម្រទៅកាន់វិមានព្រះអាទិត្យគុមស៊ូសាន (Kumsusan) នៅក្នុងរដ្ឋធានីព្យុងយ៉ាងដែលជាទីបញ្ចុះសពឪពុក និងជីតារបស់លោកដើម្បីរំលឹកថ្ងៃខួបកំណើតសពឪពុករបស់លោក ហើយនេះជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំដែលលោក ជុងអ៊ុន បានធ្វើបែបនេះ។

 

 

 

 

ទូរទស្សន៍នេះបាននិយាយថា លោកស្រី គីម យ៉ូចុង ជាប្អូនស្រីរបស់លោក ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់គណបក្សកម្មករដែលកំពុងកាន់អំណាចមួយចំនួនទៀតក៏បានអមដំណើរលោក ជុងអ៊ុន ផងដែរ។ ទូរទស្សន៍នេះបាននិយាយថា លោក ជុងអ៊ុន បានបង្ហាញនូវឆន្ទៈដ៏ឧឡារិករបស់លោកក្នុងការបូជាខ្លួនចំពោះការតស៊ូដ៏ពិសិដ្ឋដើម្បីភាពរុងរឿងជារៀងរហូតរបស់ប្រទេសជាតិ សន្តិសុខរបស់ប្រជាជន និងការលើកកម្ពស់សុខុមាលភាពរបស់ពួកគេ។

 

 

ទន្ទឹមនឹងនេះ លោក ជុងអ៊ុន ក៏បានចូលរួមក្នុងពិធីបើកការដ្ឋានកាលពីថ្ងៃអាទិត្យសម្រាប់គម្រោងសាងសង់ផ្ទះថ្មីចំនួន៥ម៉ឺនខ្នងនៅក្នុងទីក្រុងព្យុងយ៉ាងផងដែរ។ គំនិតផ្តួចផ្តើមប្រកបដោយមហិច្ឆតានេះបានចាប់ផ្តើមនៅឆ្នាំ២០២១ ជាផ្នែកមួយនៃផែនការរយៈពេល៥ឆ្នាំរបស់លោក ជុងអ៊ុន ក្នុងការជំរុញសេដ្ឋកិច្ច និងត្រូវបានបង្កើតឡើងដើម្បី ចែក ចាយផ្ទះល្វែងថ្មីយ៉ាងហោចណាស់១ម៉ឺនខ្នងនៅទីក្រុងព្យុងយ៉ាងជារៀងរាល់ឆ្នាំ៕

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025