ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ក្រសួងការងារ ណែនាំ និងក្រើនរំឭក ១៣ចំណុច ដើម្បីពង្រឹងវិធានការបង្ការអគ្គិភ័យ និងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន។
ក្នុងសេចក្តីណែនាំ ចុះថ្ងៃទី១៣ ខែកុម្ភៈនេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា គ្រោះថ្នាក់ជាយថាហេតុមួយចំនួន អាចកើតមានឡើង នៅកន្លែងធ្វើការ ជាអាទិ៍ ករណីអគ្គិភ័យ និងករណីដួលសន្លប់។ ក្នុងន័យនេះ ដើម្បីបន្តលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ដោយរក្សាឱ្យបាននូវបរិយាកាសការងារល្អ ជាពិសេស ការបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យ និងករណីដួលសន្លប់ នៅតាមសហគ្រាស គ្រឹះស្ថាន ក្រសួងសូមក្រើនរម្លឹកសាជាថ្មី និងណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការចាំបាច់មួយចំនួន ដូចខាងក្រោម៖
១-បង្កើនការត្រួតពិនិត្យជាប្រចាំនូវបណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនី ធ្វើការវាស់កម្តៅឧបករណ៍ផ្តល់ចរន្តអគ្គិសនី ដោយគោរពតាមស្តង់ដាសុវត្ថិភាព និងថែទាំងឧបករណ៍ផ្តល់ចរន្តអគ្គិសនី និងសម្ភារៈដំណើរការ ដោយចរន្តអគ្គិសនីទាំងឡាយ ដែលជាមូលហេតុបង្កឱ្យមានអគ្គិភ័យកើតឡើងជាយថាហេតុ នៅកន្លែងធ្វើការ និងតាមដានជាប្រចាំសីតុណ្ហមាត្រ ដែលបានបំពានក់នៅក្នុងសហគ្រាស គ្រឹះស្ថាន។
២-អប់រំ និងបណ្តុះបណ្តាលកម្មករនិយោជិត ឱ្យយល់ដឹងអំពីសញ្ញាការសុវត្ថិភាព របៀបជម្លៀសខ្លួន និងធ្វើលំហាត់សមឱ្យបានទៀងទាត់
៣-ត្រួតពិនិត្យជាប្រចាំនូវមធ្យោបាយសង្គ្រោះបឋម និងដំណើរការគិលានដ្ឋានប្រចាំសហគ្រាស
៤-ត្រួតពិនិត្យ និងធ្វើតេស្តសាកល្បងប្រព័ន្ធ និងឧបករណ៍ការពារអគ្គិភ័នយជាប្រចាំ ជាអាទិ៍ បំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ ប្រព័ន្ធទុយោបាញ់ទឹកពន្លត់អគ្គិភ័យ កណ្តឹងប្រកាសអាសន្ន ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយស្វ័យប្រវត្តិ នៅពេលដាច់ចរន្តអគ្គិសនី
៥-ត្រួតពិនិត្យជាប្រចាំនូវច្រកអាសន្ន ដែលអាចជម្លៀសខ្លួនចេញដោយសុវត្ថិភាព គ្មានឧបសគ្គ មិនដាក់សម្ភារៈបាំង មិនចាក់សោរ និងមានភ្លើងបំភ្លឺដោយស្វ័យប្រវត្តិ នៅពេលដាច់ចរន្តអគ្គិសនី
៦-រៀបចំឱ្យមានផែនការឆ្លើយតបគ្រាអាសន្ន តាមរយៈការវាយតម្លៃអំពីចំណាត់ថ្នាក់កន្លែងធ្វើការ ដែលមានប្រើប្រាស់សារធាតុគីមី និងវត្ថុ ឬសម្ភារៈងាយឆាបឆេះ និងវិធានការឆ្លើយតប និងរក្សាទុកដាក់សារធាតុទាំងនោះ ឱ្យនៅដាច់ដោយឡែកពីអគារធ្វើការ ឬអគារផលិតកម្ម
៧-ត្រួតពិនិត្យ និងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ និងបើកឱ្យដំណើរការឱ្យបានយ៉ាងហោចណាស់ ១ម៉ោង មុនពេលអនុញ្ញាតឱ្យកម្មករនិយោជិតចូលធ្វើការ
៨-បើកបង្អួច ទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារផលិតកម្ម នៅពេលអាកាសធាតុកើនកម្តៅ និងរៀបចំទុកដាក់សម្ភារៈ និងវត្ថុធាតុដើម ឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព កុំឱ្យបាំងប្រភពខ្យល់ចេញចូល
៩-ណែនាំដល់កម្មករនិយោជិតបរិភោគទឹកស្អាត និងមានអនាម័យឱ្យបាន ១កែវ នៅរៀងរាល់ ១៥ ទៅ ២០នាទី ព្រមទាំងស្លៀកសម្លៀកបំពាក់ សមស្របតាមអាកាសធាតុ
១០-ត្រូវរៀបចំឱ្យមានប្រព័ន្ធស្រោចទឹក នៅលើដំបូលអគារផលិតកម្ម ឱ្យបានយ៉ាងហោចណាស់ ២ដង ក្នុង ១ថ្ងៃ ឬបន្ថែមសំណាញ់នៅលើដំបូលអគារផលិតកម្ម ដើម្បីកាត់បន្ថយកម្តៅ
១១-ត្រួតពិនិត្យ និងចាត់វិធានការចាំបាច់ ដើមដ្បីឆ្លើយតបទៅនឹងការសាយភាយនៃសារធាតុគ្រោះថ្នាក់ ដល់កម្មករនិយោជិត ដែលបណ្តាលមកពីការប្រើប្រាស់សារធាតុពុល ថ្នាំសម្លាប់សត្វល្អិតពីខាងក្រៅបរិវេណ នៃសហគ្រាស គ្រឹះស្ថាន។
១២-ចំពោះសហគ្រាស គ្រឹះស្ថាន ដែលប្រើប្រាស់ឡចំហាយ ត្រួតពិនិត្យជាប្រចាំនូវការប្រើប្រាស់ឡចំហាយ ទៅតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាព ព្រមទាំងត្រូវមានលិខិតអនុញ្ញាត និងមានអ្នកបញ្ជាឡចំហាយ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលពីក្រសួង ស្ថាប័នជំនាញ
១៣-ត្រួតពិនិត្យ និងជំរុញ ការអនុវត្តតួនាទី និងភារកិច្ចរបស់គណៈកម្មការ ឬក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស គ្រឹះស្ថាន ជាពិសេសការត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពការវាយតម្លៃហានិភ័យការងារ នៅកន្លែងធ្វើការជាប្រចាំ។
ក្នុងសេចក្តីណែនាំដដែល ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ដែលមានការធ្វេសប្រហែស និងមិនបានអនុវត្តតាមសេចក្តីណែនាំនេះ បណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវទទួលរងពិន័យតាមច្បាប់ ស្តីពី ការងារ និងការផ្តន្ទាទោសព្រហ្មទណ្ឌផ្សេងទៀត ស្របតាមមាត្រា៣០ នៃច្បាប់ស្តីពីការងារ និងពន្លត់អគ្គិភ័យ និងច្បាប់ពាក់ព័ន្ធដទៃទៀត៕
អត្ថបទ និងរូបភាព៖ PNN