ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥
ក្នុងពិធីបើកសន្និបាតក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមករានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានក្រើនរម្លឹកថា នៅប្រទេសកម្ពុជាយើង ក្រុមអគតិ នៅតែមានគម្រោងធ្វើបដិវត្តពណ៌ គ្រាន់តែដូរវិធីសាស្ត្រ។នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២០មករានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសថា មកដល់ពេលនេះ ក្រុមអគតិ នៅតែមានគម្រោងធ្វើបដិវត្តពណ៌ គ្រាន់តែដូរវិធីសាស្ត្រ។
នោះគឺរឿងអ្វីក៏ដោយ មិនសំខាន់ទេ តួអង្គនយោបាយអ្វីក៏ដោយ ក៏មិនសំខាន់ដែរ។ គឺសំខាន់ថា តើបញ្ហាអ្វីមួយ ដែលនាំឱ្យបញ្ឆេះកំហឹងបាន។ ដូច្នេះហើយ បានជាចំណុចទី៥ នៅក្នុងយុទ្ធសាស្ត្របដិវត្តពណ៌ គឺការបង្កើតឱ្យមានចលាចលសង្គម។
ចំពោះមុខថ្នាក់ដឹកនាំក្រសួង និងមន្ទីរព័ត៌មាន រួមទាំងមន្ត្រីអ្នកនាំពាក្យតាមក្រសួងស្ថាប័នជាតិ និងថ្នាក់រាជធានីខេត្ត ឯកឧត្តរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកយកវិធីសាស្ត្រក្នុងការបង្កើតឱ្យមានចលាចលសង្គម ដែលចូលទៅក្នុងយុទ្ធសាស្ត្របដិវត្តពណ៌ រួមមាន តម្លៃស្រូវធ្លាក់ថ្លៃ កាលពីប៉ុន្មានថ្ងៃមុន រួមទាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម CLV-DTA ជាដើម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីនាំពាក្យតាមក្រសួងស្ថាប័នរដ្ឋ ពិសេសនៅរាជធានីខេត្ត បន្តការងារគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិឱ្យបានម៉ឺងម៉ាត់ជាងមុន បន្ទាប់ពីនិន្នាការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ បានផ្លាស់ប្តូរ។ កាលមុន ប្រជាពលរដ្ឋទទួលព័ត៌មានតែពីប្រព័ន្ធផ្សព្វផ្សាយបុរាណ មានដូចជា កាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋបានងាកទៅទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយទំនើប រួមមានដូចជា ហ្វេសបុក និងតិកតុក ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានណែនាំអោយក្រុមអ្នកនាំពាក្យរាជធានីខេត្ត ពិសេសមន្ទីរព័ត៌មាន ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិ ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយពីមូលដ្ឋាន តាមរយៈការត្រួតពិនិត្យមើលព័ត៌មាន ដែលមាននៅលើបណ្តាញសង្គម ហ្វេសបុកនិងតិកតុក។ បើត្រឹមត្រូវ គឺត្រូវចែករំលែកបន្ត។ ប៉ុន្តែក្នុងករណីព័ត៌មានក្លែងក្លាយ គឺត្រូវបន្សាប ដោយផ្សាយព័ត៌មានពិត ហើយធ្វើឡើងអោយបានឆាប់រហ័ស។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំរាជធានីខេត្ត រួមទាំងមន្ត្រីនាំពាក្យតាមស្ថាប័នក្រសួងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលឯកឧត្តម ដាក់ពាក្យគន្លឹះថា «K.O.L» Key Opinion Leader ដែលជា Content Producer នៅក្នុង Social Media សូមបន្តចូលរួមផ្សព្វផ្សាយនូវសមិទ្ធផល និងសកម្មភាពការងាររបស់ស្ថាប័នរៀងខ្លួន។ ចំណុចនេះ ជាការចាក់បញ្ចូលនូវ Content និងព័ត៌មានល្អៗ ដើម្បីឱ្យប្រជាពលរដ្ឋ បានដឹងអំពីដំណើររីកចម្រើនរបស់រាជធានីខេត្ត៕
អត្ថបទ៖ លី ម៉េងហួរ រូបភាព៖ ហ៊ុន សុជាតា