ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
មនុស្សយ៉ាងតិច៣នាក់ស្លាប់ និងច្រើនជាង៨ម៉ឺននាក់ជម្លៀសចេញពីតំបន់រងគ្រោះទឹកជំនន់ នៅទូទាំងបណ្តារដ្ឋជាច្រើនរបស់ប្រទេសម៉ាឡេស៊ី ខណៈអាជ្ញាធរ បានព្រមានថារដូវមូសុង អាចនាំមកនូវទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មាននៅប្រទេសម៉ាឡេស៊ីក្នុងរយៈពេលមួយទសវត្សរ៍។
ទឹកជំនន់ តែងកើតឡើងជាធម្មតានៅតំបន់ឆ្នេរភាគខាងកើតប្រទេសម៉ាឡេស៊ី អំឡុងពេលរដូវមូសុងក្នុងរវាងខែតុលា និងខែមិនា ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងនៅសប្តាហ៍នេះ បាននាំឱ្យមានការជម្លៀសមនុស្សយ៉ាងច្រើន ភាគច្រើននៅក្នុងរដ្ឋ Kelantan ជាប់ព្រំដែនប្រទេសថៃ។
នៅត្រឹមព្រឹកថ្ងៃសុក្រនេះ មានមនុស្ស៣នាក់ស្លាប់ ហើយជាង៨ម៉ឺន៥០០នាក់ ត្រូវជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្នចំនួន៤៦៧កន្លែង នៅក្នុងរដ្ឋចំនួន ៧។ រដ្ឋដែលរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរជាងគេ មាន រដ្ឋ Kelantan និងរដ្ឋ Terengganu។ យោងមជ្ឈមណ្ឌលជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសម៉ាឡេស៊ី។
ស្ថានភាពទឹកជំនន់ រំពឹងថា នឹងធ្ងន់ធ្ងរជាងកាលពីទឹកជំនន់ឆ្នាំ២០១៤ ដែលកាលណោះ មនុស្ស១ភាគ៤ នៃប្រជាជន១លាននាក់ ត្រូវជម្លៀស។ ។នេះបើតាមការឱ្យដឹងរបស់លោក Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយជាតិនៅថ្ងៃព្រហស្បតិ៍។
ក្នុងប្រតិបត្តិការសង្គ្រោះប្រជាជនរងគ្រោះទឹកជំនន់, អាជ្ញាធរម៉ាឡេស៊ី បានដាក់ពង្រាយកងកម្លាំងមានសមត្ថកិច្ចច្រើនជាង ៨២,០០០នាក់ ,ទូកជួយសង្គ្រោះ, រថយន្ត រួមនិងឧទ្ធម្ភាគចក្រ។ ការិយាល័យផ្លូវដែក បានឱ្យដឹងថា ផ្លូវរថភ្លើងចំនួន៩ខ្សែត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ននៅតំបន់ឆ្នេរភាគខាងកើតដោយសារទឹកជំនន់។
ប្រែសម្រួល៖ណាវ័ន្ត