ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង បានធ្វើដំណើរទៅដល់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទសម្រាប់ទស្សនកិច្ចរយៈពេល ៤ ថ្ងៃដើម្បីចូលរួមកិច្ចប្រជុំមួយចំនួនរួមទាំងការសម្ពោធព្រលានយន្តហោះមួយផងដែរ។ នៅពេលទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដ លោក លី ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅដោយកងកិត្តិយសនៅវិមាននាយករដ្ឋមន្ត្រី និងបានជួបជាមួយនឹងសមភាគីប៉ាគីស្ថានលោក សេបាស សារីហ្វ (Shehbaz Sharif) កាលពីថ្ងៃចន្ទនៅក្រោមការឈាមកាមសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត។
ទស្សនកិច្ចរបស់លោក លី នេះបានធ្វើឡើងនៅមុនពេលប៉ាគីស្ថានគ្រោងនឹងរៀបចំកិច្ចប្រជុំអង្គការសហប្រតិបត្តិការក្រុងស៊ាងហៃ (SCO) នៅសប្ដាហ៍នេះ ហើយលោក លី ក៏នឹងចូលរួមផងដែរ។ នាយករដ្ឋមន្ត្រីទាំងពីរបានជួបពិភាក្សាគ្នាថ្នាក់គណៈប្រតិភូដោយផ្ដោតលើទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការក្រោមច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ជាមួយនឹងទំហំវិនិយោគចំនួន ៦៥ ពាន់លានដុល្លារនៅប្រទេសអាស៊ីខាងត្បូងមួយនេះក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង។
មេដឹកនាំទាំងពីរក៏បានសម្ពោធព្រលានយន្តហោះអន្តរជាតិក្វាដា (Gwadar) ដែលផ្តល់មូលនិធិដោយច្រករបៀងសេដ្ឋកិច្ច CPEC នៅខេត្តដាច់ស្រយាលមួយនៅភាគនិរតីប្រទេសប៉ាគីស្ថានផងដែរ។ ទស្សនកិច្ចរបស់លោក លី នេះគឺតំណាងឱ្យទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋ មន្ត្រីចិនទៅកាន់ប៉ាគីស្ថានក្នុងរយៈពេល ១១ ឆ្នាំមកនេះ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន