ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤

ក្រុមសហជីពបានគំរាមធ្វើកូដកម្មបន្ថែមទៀត ក្រោយពីមានការចាប់ខ្លួនកូដកររាប់សិបនាក់នៅឥណ្ឌា

១៧ កញ្ញា ២០២៤ | ព័ត៌មានអន្តរជាតិ

ប៉ូលិសបានចាប់ខ្លួនកម្មករក្រុមហ៊ុនសាំស៊ុងជាងមួយរយនាក់ដែលកំពុងធ្វើកូដកម្មទាមទារឱ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះដំឡើងប្រាក់ឈ្នួល នៅពេលពួកគេគ្រោងនឹងដើរជាក្បួនតវ៉ាដោយគ្មានការអនុញ្ញាត។

 

 

លោក អេ សួនដារ៉ាចាន់ (A. Soundarajan) ជាប្រធានមជ្ឈមណ្ឌលសហជីពឥណ្ឌា (CITU) នៅរដ្ឋ តាមិលណាឌូ បានព្រមានក្រុមហ៊ុនកូរ៉េខាងត្បូងនេះថា ពួកគេនឹងធ្វើកូដកម្មថែមទៀតប្រសិនបើក្រុមហ៊ុនមួយនេះមិនឆ្លើយតបតាមការទាមទាររបស់កម្មករទេនោះ។ លោក សួនដារ៉ាចាន់ បាននិយាយថា កម្មករយ៉ាងតិច ១៥០ នាក់ត្រូវបានប៉ូលិសចាប់ឃុំខ្លួន ដែលលោកបានហៅចំណាត់ការនេះថាខុសច្បាប់ និងអយុត្តិធម៌ ហើយមកដល់ពេលនេះ មិនទាន់មានតំណាងក្រុមហ៊ុនសាំស៊ុងណាមួយចេញមកធ្វើការចរចាជាមួយនឹងកម្មករសហជីពនៅឡើយទេ។

 

 

ការចាប់ឃុំខ្លួននេះបានជំរុញឱ្យមានកូដកម្មថែមទៀតនៅរោងចក្ររបស់ក្រុមហ៊ុន សាំស៊ុង នៅជិតទីក្រុង ឆេនណៃ ក្នុងរដ្ឋ តាមិលណាឌូ ដែលបច្ចុប្បន្នមានកម្មករសរុបប្រហែល ១៨០០ នាក់ ហើយក្នុងនោះមានកម្មករជាង ១០០០ នាក់កំពុងធ្វើកូដកម្មមិនចូលធ្វើការដើម្បីទាមទារដំឡើងប្រាក់ឈ្នួល។ សូមបញ្ជាក់ថា រោងចក្រនេះផលិតសម្ភារៈប្រើប្រាស់ដូចជាទូទឹកកក ទូរទស្សន៍ និងម៉ាស៊ីនបោកខោអាវជាដើម៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024