ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២៤
ក្រសួងកសិកម្ម តែងតែជំរុញ និងលើកទឹកចិត្តឱ្យកសិករ ប្រើពូជស្រូវជាតិ ពីព្រោះលក់បានថ្លៃ និងឆាប់បានផល ធ្វើឱ្យកសិករកាត់បន្ថយបានជាអតិបរមានូវហានិភ័យ។ ការប្រើនូវពូជស្រូវជាតិ ដូចជា ពូជស្រូវសែនក្រអូប និងពូជស្រូវផ្ការំដួល ជាដើម ក៏ថែមទាំងលើកកិត្តិយមុខមាត់ពូជស្រូវជាតិ ដែលឈ្នះពានមាស ៥លើកផងដែរ។
ក្រសួងកសិកម្ម តែងតែបានពន្យល់លើកទឹកចិត្ត និងជំរុញឱ្យកសិករដាំស្រូវ ដែលជាពូជជាតិដោយសារកត្តាសំខាន់ៗមួយចំនួន ដូចជា បានផលចំណេញច្រើនដល់កសិករ ខណៈការដាំស្រូវពូជនាំចូលពីបរទេសនាំមកនូវហានិភ័យខ្ពស់ដល់កសិករ ជាដើម។ នេះគឺជាការលើកឡើងរបស់កញ្ញាជំទាវ អ៊ឹម រចនា មន្ត្រីនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
សូមជម្រាបថា ស្ថាប័នជំនាញដែលស្ថិតក្រោមឱវាទរបស់ក្រសួងកសិកម្ម បានជោគជ័យជាបន្តបន្ទាប់ក្នុងការបង្កាត់ពូជស្រូវល្អៗជាច្រើនដែលក្នុងនោះពូជស្រូវសែនក្រអូន០១ គឺជាពូជស្រូវកំពុងឈានមុខគេទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ។
ពូជស្រូវសែនក្រអូប០១ គឺជាពូជបង្កាត់ចេញពីស្រូវផ្ការំដួល ធ្វើឱ្យអង្ករ នៃស្រូវសែនក្រអូប០១ មានក្លិនក្រអូប មានទម្រង់អង្ករស្រលោនល្អ បាយទន់ មានរសជាតិឆ្ងាញ់ ជាពូជស្រូវស្រាល ដាំដុះបានផលក្នុងរយៈពេលខ្លី ផ្ដល់លទ្ធភាពឱ្យកសិករអាចធ្វើបានច្រើនដងក្នុងមួយឆ្នាំ ។ សំខាន់បំផុត ពូជស្រូវសែនក្រអូប០១ មានការចរចាធានាតម្លៃខ្ពស់ដោយរោងម៉ាស៊ីន និងសហព័ន្ធស្រូវអង្ករកម្ពុជា ។
ហេតុនេះកញ្ញជំទាវ អ៊ឹម រចនា ពន្យល់ថា ពូជស្រូវសែនក្រអូប០១ មានទីផ្សារស្រាប់ទាំងក្នុងប្រទេស ទាំងនៅប្រទេសចិន និងអឺរ៉ុប ហើយការដាំពូជស្រូវសែនក្រអូប០១ គឺជាការលើកតម្កើងកិត្តិយសមុខមាត់ កិត្តិនាមពូជស្រូវជាតិ ខណៈផ្ការំដួលជាពូជស្រូវដែលបានឈ្នះពានមាសជាអង្ករឆ្ងាញ់ដាច់គេនៅលើពិភពលោករហូតទៅដល់ ៥ ដងជាប់ៗគ្នា ៕
អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឯកសារ