ថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥

មហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២ផ្ទុះការគាំទ្រខ្លាំង ខណៈបុគ្គលឆ្នើមៗរបស់ កម្ពុជា ៤រូបឈ្នះពានពីមហោស្រពឆ្នាំនេះ

២៧ សីហា ២០២៤ | កម្សាន្ដ

មហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២ បានរៀបចំកម្មវិធីយ៉ាងឱឡារិក លើទឹកដីព្រះរាជាណាចក្រកម្ពុជា ដោយបុគ្គលឆ្នើម ៤រូប របស់កម្ពុជាបានឈ្នះពានពីមហោស្រពនាឆ្នាំនេះ។

 

 

មហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២ (The 2nd Cambodia Asian Film Festival) បានបញ្ចប់ទៅដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិល្បករ-សិល្បការនីខ្មែរ-ចិន រួមទាំងផលិតករល្បីៗទាំងពីរជាតិសាសន៍  បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ទាក់ទាញ បណ្តើរគ្នាដើរលើកម្រាលព្រំក្រហមដ៏ក្រហមឆ្អិនឆ្អៅ នៅសាលសន្និបាត PH Grand Hall ក្នុងបុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។

 

 

ពានរង្វាន់ជាច្រើនពាក់ព័ន្ធវិស័យភាពយន្តត្រូវបានប្រគល់ជូនបុគ្កលអ្នកមានស្នាដៃមកពីបណ្តាប្រទេសផ្សេងៗ សរុបចំនួន ២៧ ពានរង្វាន់។ ក្នុងនោះ បុគ្គលឆ្នើម ៤រូប របស់កម្ពុជាក៏បានឈ្នះពានរង្វាន់ពី មហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២ រួមមាន៖ ព្រះនាងតូច នរោត្តម ជេនណា ឈ្នះពាន Best New Comer Actress តាមរយៈស្នាដៃភាពយន្តខ្នាតធំ «បណ្តាសារនាងរាត្រី» ខណៈ កញ្ញា ស៊ីន យូប៊ីន ក៏បានឈ្នះពាន Best Actress តាមរយៈភាពយន្តខ្នាតធំនេះដូចគ្នាដែរ។

 

 

រីឯ តារាភាពយន្តជើងចាស់ដ៏ល្បីល្បាញ ឌី សាវ៉េត ឈ្នះពាន Asian Most Popular Actress លើស្នាដៃរឿង «ពេលម៉ែចាស់ទៅ» និង តារាសម្តែងជើងចាស់ អ្នកស្រី អុន សុភឿន ហៅ គ្រត ឈ្នះពាន Asian Most Popular Supporting Actress លើស្នាដៃរឿង «លោកគ្រូប្រពន្ធល្អ»។

 

 

 

ក្រៅពីការប្រកាសពានរង្វាន់ជូនបុគ្គលមានស្នាដៃក្នុងឧស្សាហកម្មភាពយន្ត នាព្រឹកថ្ងៃទី២៤ ដដែរ ក៏មានសិក្ខាសាលាចែករំលែកបទពិសោធន៍ការផលិតភាពយន្ត ពីផលិតករល្បីៗរបស់កម្ពុជា-ចិន ដើម្បីផ្តល់ឱកាសឱ្យផលិតករបានបញ្ចេញសមត្ថភាព និងជាព្រឹត្តិការណ៍ផ្សព្វផ្សាយនូវភាពចម្រុះនៃសិល្បៈវប្បធម៌ផងដែរ។ ឆ្លៀតឱកាសដ៏ពិសេសនេះ លោក Malcolm Clarke ប្រធានមេប្រយោគ នៃមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២ និងលោក Teddy Chen ជា Director China បានបង្ហាញចំណាប់អារម្មណ៍ និងការយល់ឃើញ។

 

 

ស្របពេលដែល កម្ពុជា បានធ្វើជាម្ចាស់ផ្ទះ រៀបចំបើកមហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោកស្រី Holly Hong នាយិកាគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី លោក Malcolm Clarke ប្រធានមេប្រយោគនៃមហោស្រពភាពយន្តកម្ពុជាអាស៊ី ព្រមទាំង ផលិតករ គណៈប្រតិភូភាពយន្តមកពីប្រទេសនានាក្នុងតំបន់អាស៊ី ដែលបានអញ្ជើញចូលរួម មហោស្រពនាឆ្នាំនេះ។

 

 

មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី២ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែជាវេទិកាសម្រាប់ប្រគល់ពានរង្វាន់ជូនផលិតករ សិល្បករ សិល្បការិនីប៉ុណ្ណោះទេ តែគឺវេទិកាដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយនូវភាពចម្រុះនៃសិល្បៈវប្បធម៌ ព្រមទាំងរឿងរ៉ាវជាច្រើនតាមរយៈស្នាដៃភាពយន្តរបស់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ី។ សកម្មភាពទាំងនេះបានរួមចំណែកក្នុងការលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ ក្នុងវិស័យភាពយន្តរវាងកម្ពុជា និងប្រទេសនានាក្នុងតំបន់អាស៊ី ព្រមទាំងជាការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ផងដែរ។  

 

 

មួយវិញទៀត វាក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសកម្ពុជា និងប្រទេសនានាក្នុងតំបន់អាស៊ី ជាពិសេសលើវិស័យភាពយន្ត និងជាឱកាសសម្រាប់អ្នកដឹកនាំរឿង ផលិតករ និងអ្នកដែលមានអាជីពក្នុងវិស័យភាពយន្ត ជួបជុំគ្នា ចែករំលែកចំណេះដឹង បទពិសោធន៍ពីគ្នាទៅវិញទៅមក ព្រមទាំងស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មភាពយន្តរបស់យើង៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025