ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥

គ.ជ.ប ប្រកាសកាលបរិច្ឆេទ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

០១ សីហា ២០២៤ | ព័ត៌មានជាតិ


នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបើកកិច្ចប្រជុំ ប្រកាសជាផ្លូវការនូវកាលបរិច្ឆេទ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នេះ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ដោយគ.ជ.ប បានអញ្ជើញតំណាងគណបក្សនយោបាយ អ្នកអង្កេតការណ៍ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ចូលរួមផងដែរ។

 


អនុលោមតាមប្រតិទិនដែលបានដាក់ចេញ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ត្រូវចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលក្នុងនោះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ១៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ។ នេះគឺជាការអានប្រកាសរបស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ទៅកាន់តំណាងគណបក្សនយោបាយ និងអ្នកសារព័ត៌មាន នៅឯទីស្នាក់ការកណ្ដាល គ.ជ.ប នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ។

 


ឯកឧត្តម ប្រាជ្ញ ចន្ទ បន្ថែមថា គោលដៅ នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតនៅឆ្នាំនេះ ក៏ដូចជារៀងរាល់ឆ្នាំដែរ គឺ ដើម្បីធានាឱ្យបញ្ជីឈ្មោះបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាពតាមរយៈការចុះឈ្មោះបោះឆ្នោតសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលមិនទាន់បានចុះឈ្មោះពីមុនមក ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលទើបតែគ្រប់អាយុ ១៨ ឆ្នាំ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ និងប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់ប្ដូរលំនៅឋានចូលក្នុងឃុំ ឬ សង្កាត់ថ្មី ។

 


សូមជម្រាបជូនថាតាមកម្មវិធីដែលបានដាក់ចេញ ក៏នឹងមានការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៣ ដែរ ដោយចែកនៅតាមឃុំ សង្កាត់ ទូទាំងប្រទេស មានរយៈពេល ៣១ ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ។

 


គ.ជ.ប ក៏អនុញ្ញាតឱ្យអ្នកអង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ អន្តរជាតិចូលរួមដែរ ដោយសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល អាចបញ្ជូនតំណាងរបស់ខ្លួនចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដោយត្រូវបំពេញបែបបទតាមលក្ខខណ្ឌកំណត់ដោយ គ.ជ.ប និងត្រូវដាក់ពាក្យស្នើសុំនៅ គ.ជ.ប ចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ដោយឡែកអ្នកសារព័ត៌មានអន្តរជាតិ ត្រូវដាក់ពាក្យស្នើសុំនៅ គ.ជ.ប ចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយទម្រង់ពាក្យស្នើសុំទាំងនេះ គេអាចទៅទាក់ទងផ្ទាល់នៅ គ.ជ.ប ក៏បាន ឬ ទាញយកតាម អ៊ីម៉េល របស់គ.ជ.ប ក៏បាន ។

 


ដើម្បីធានាឱ្យដំណើការនានាបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ឯកឧត្តម ប្រាជ្ញ ចន្ទ ក្នុងនាម គ.ជ.ប បានអំពាវនាវដល់គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចូលរួមផ្សព្វផ្សាយជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់បានចុះឈ្មោះ និងអ្នកដែលទើបតែគ្រប់អាយុ ១៨ ឆ្នាំ គិតត្រឹមតែថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមដាក់ភ្នាក់ងារ ឬអ្នកអង្កេតការណ៍ចូលរួមពិនិត្យតាមដានដំណើរការនេះ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីធានាការអនុវត្តដោយរលូន តម្លាភាព និងជោគជ័យ ៕
 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ សែត ប៊ុនថាន់ 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025