ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

អង្គការសហប្រជាជាតិ៖ ចំនួនអ្នកស្លាប់ដោយការបាក់ដីនៅ អេត្យូពី អាចឡើងដល់ចំនួន ៥០០ នាក់

២៦ កក្កដា ២០២៤ | ព័ត៌មានអន្តរជាតិ

 


ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៥៧ នៅក្នុងគ្រោះថ្នាក់រអិលបាក់ដីដែលបានកើតឡើងកាលពីដើមសប្ដាហ៍នេះនៅប្រទេស អេត្យូពី។ ការិយាល័យនេះបានរំពឹងថាចំនួនអ្នកស្លាប់នឹងកើនឡើងជិតទ្វេដងពោលគឺអាចឡើងដល់ ៥០០ នាក់នៅទីបញ្ចប់នៃប្រតិបត្តិការជួយសង្គ្រោះនេះ។

 

សូមរំលឹកថា ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានការបាក់ដីកប់មនុស្សនៅតំបន់ហ្គូហ្វា (Gofa) ស្ថិតនៅភាគខាងត្បូងនៃប្រទេសអេត្យូពីកាលពីយប់ថ្ងៃអាទិត្យកន្លងមកនេះ ហើយក៏បានបាក់ដីលើកទីពីរកាលពីថ្ងៃចន្ទ ដោយបានសង្កត់លើអ្នកដែលកំពុងចូលរួមជួយសង្គ្រោះមនុស្សនៅទីនោះ។ កាលពីថ្ងៃអង្គារ គណៈកម្មការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិរបស់ អេត្យូពី បានប៉ាន់ប្រមាណចំនួនអ្នកស្លាប់ថាមានចំនួន ២២៩ នាក់។ លោក ដាកម៉ាវី អាយេឡេ (Dagmawi Ayele) អ្នកគ្រប់គ្រងតំបន់ហ្គូហ្វាបាននិយាយថា រហូតមកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន ២២៦ នាក់ ហើយគេក៏បានធ្វើពិធីបុណ្យសព និងបានបញ្ចុះសាកសពទាំងនេះអស់ហើយ ខណៈក្រុមជួយសង្គ្រោះកំពុងស្វែងរកសាកសពចំនួន ២០ នាក់ជាបន្តទៀត៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024