ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

តៃវ៉ាន់ត្រៀមជាមុនសម្រាប់ព្យុះទីហ្វុងGaemi,ផ្អាកការងារ លុបចោលជើងហោះហើរ

២៤ កក្កដា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

ដែនកោះតៃវ៉ាន់ បានត្រៀមបម្រុងជាមុន នៅថ្ងៃពុធ(២៤កក្កដា)នេះ មុនពេលព្យុះទីហ្វុង Gaemi បោកបក់ទៅដល់។ ទីផ្សារហិរញ្ញវត្ថុបិទ , ប្រជាជនមិនទៅធ្វើការ, ជើងហោះហើរត្រូវលុបចោល ហើយយោធា ត្រៀមប្រុងជើងការជាមុន និងមានការព្យាករណ៍ពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់ខ្លាំង។ 

 

ព្យុះGaemi នឹងបោកបក់លើឆ្នេរសមុទ្រភាគឦសាននៅល្ងាចថ្ងៃពុធ។ យោងរដ្ឋបាលកណ្តាលអាកាសធាតុកោះតៃវ៉ាន់។ បច្ចុប្បន្ន អាជ្ញាធរកោះតៃវ៉ាន់ បានចាត់ថ្នាក់ព្យុះហ្គេមី(Gaemi) ជាព្យុះទីហ្វុងកម្លាំងមធ្យម ។ ព្យុះនេះនឹងបោកបក់កាត់កោះតៃវ៉ាន់ ហើយបន្តទៅខេត្តហ្វូជៀន(Fujian) ភាគអាគ្នេយ៍ប្រទេសចិននៅព្រឹកថ្ងៃសុក្រ(២៦កក្កដា)។

 

ការិយាល័យធ្វើការ និងសាលារៀន ត្រូវផ្អាក នៅទូទាំងដែនកោះតៃវ៉ាន់។ នៅតាមដងផ្លូវជាច្រើនក្នុងទីក្រុងតៃប៉ិ ស្ទើគ្មានមនុស្សដើរអំឡុងពេលម៉ោងធ្វើដំណើរមមាញឹក។ 

 

ក្រសួងដឹកជញ្ជូនកោះតៃវ៉ាន់ ឱ្យដឹងថា ជើងហោះហើរក្នុងស្រុកស្ទើរតែទាំងអស់ត្រូវលុបចោល និងជើងហោះហើរអន្តរជាតិចំនួន២៧។

 

រដ្ឋបាលអាកាសធាតុឱ្យដឹងថា តំបន់ភ្នំកណ្តាល និងភាគខាងត្បូងនៃកោះតៃវ៉ាន់ នឹងមានភ្លៀងធ្លាក់សរុបរហូតដល់ ១៨០០ មីលីម៉ែត្រ ក្នុងអំឡុងពេលព្យុះទីហ្វុង។

 

មនុស្សច្រើនជាង២០០០នាក់ ត្រូវជម្លៀសចេញពីតំបន់ភ្នំ ដោយសារបារម្ភពីគ្រោះមហន្តរាយបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំង។ 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024