ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

ខ្យល់ព្យុះឈ្មោះ ព្រះពិរុណ កំពុងវាយប្រហារខ្លាំងនៅតំបន់មាត់សមុទ្រប្រទេសចិន

២៣ កក្កដា ២០២៤ | ព័ត៌មានអន្តរជាតិ

ខ្យល់ព្យុះឈ្មោះ ព្រះពិរុណ កំពុងបោកបក់ខ្លាំងទៅលើតំបន់មាត់សមុទ្រប្រទេសចិន ហើយនឹងបន្តដំណើរទៅប្រមូលផ្ដុំកម្លាំងគ្នានៅព្រំដែនចិន និងវៀតណាម។ ខ្យល់ព្យុះនេះវាយប្រហារខ្លាំងទៅលើខេត្តហាយណាន (Hainan) ហើយធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងស្ទើរតែគ្រប់ទីកន្លែង។ ឥឡូវនេះប្រទេសវៀតណាមក៏កំពុងត្រៀមទប់ទល់នឹងគ្រោះធម្មជាតិនេះផងដែរ។

 

 


គេឃើញថានៅហាយណាន ប្រទេសចិន ខ្យល់ព្យុះបានធ្វើឲ្យមានរលកសមុទ្រខ្ពស់ៗ។ ពេលខ្លះរលកសមុទ្រហក់ឡើងខ្ពស់ដល់៣ម៉ែត្រ។ លោកលីប៉ិនសៀ (Le Benxia) ជាប្រធានផ្នែកព្យាករអាកាសធាតុចិនថ្លែងថាខ្យល់ព្យុះនឹងបន្តបោកបក់ទៅឈូងសមុទ្រប៉ីពូ (Beibu)។ ដូច្នេះ ខេត្តហាយណាននៅតែបន្តប្រុងប្រយ័ត្នខ្ពស់។ ជាពិសេសតំបន់ភ្នំនៅជាប់នឹងមាត់សមុទ្រ។

 

 

គេរំពឹងថារហូតដល់ល្ងាចថ្ងៃពុធ ទើបខ្យល់ព្យុះស្ងប់ស្ងាត់ទៅវិញ។ សម្រាប់ពេលនេះ ខ្យល់ព្យុះនៅតែបង្កការរំខានសម្រាប់ការធ្វើដំណើរ។ គ្រាន់តែថាការដឹកជញ្ជូនតាមរថភ្លើងល្បឿនលឿនអាចចាប់ផ្ដើមដំណើរការឡើងវិញជាបណ្ដើរៗ។ ប៉ុន្តែទូកនេសាទតូចធំគ្រប់ប្រភេទត្រូវតែបន្តស្ថិតនៅមាត់កំពង់,តំបន់ទេសចរណ៍នានានៅតាមមាត់សមុទ្រត្រូវបន្តបិទទ្វារ។

 

 

 

ខ្យល់ព្យុះព្រះពិរុណនឹងបោកបក់ទៅដល់ព្រំដែនចិន និងវៀតណាមនៅមាត់សមុទ្រខេត្តក្វាងស៊ី (Guangxi) និងវៀតណាមខាងជើងនៅព្រឹកថ្ងៃចន្ទ និងល្ងាចថ្ងៃអង្គារ។

 

 

នៅហាយណាន ខ្យល់ព្យុះបានធ្វើឲ្យដើមឈើដួលរលំទាំងឫស។ ក្រុមអ្នកពន្លត់អគ្គិភ័យត្រូវតែធ្វើការទាំងយប់ទាំងថ្ងៃដើម្បីបោសសម្អាតផ្លូវនៅទីក្រុងវេននីង (Wanning) ដែលមានសុទ្ធតែសំរាម និងគំនរបាក់បែក។ អាជ្ញាធរនៅតែប្រកាសអាសន្នកម្រិត៤នៅខេត្តហាយណានព្រោះភ្លៀងបន្តធ្លាក់ខ្លាំងមិនទាន់ថយចុះទៅវិញនៅឡើយទេ។ នៅឈូងសមុទ្រប៉ីពូ អាជ្ញាធរនៅតែបន្តប្រកាសអាសន្នឲ្យប្រុងប្រយ័ត្នព្រោះមានភ្លៀងធ្លាក់ខ្លាំងទាំងយប់ទាំងថ្ងៃរហូតដល់ថ្ងៃពុធ៕

 

ប្រែ​សម្រួល​៖ អន សំអាង
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024