ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

ប្រទេសចិនបញ្ចេញនាវាបំបែកទឹកកករបស់ខ្លួន ដើម្បីត្រៀមចេញបេសកកម្មស្រាវជ្រាវនៅតំបន់ប៉ូល

០៨ កក្កដា ២០២៤ | ព័ត៌មានអន្តរជាតិ

ថ្មីៗនេះ ប្រទេសចិនបានបញ្ចេញនាវាបំបែកទឹកកកដ៏ថ្មីសន្លាងរបស់ខ្លួនឈ្មោះជីឌី (Jidi) ដែលជាការបង្ហាញថាចិនបានស្គាល់ការរីកចម្រើននៅក្នុងវិស័យស្រាវជ្រាវនៅតំបន់ប៉ូល។

 


នាវាបំបែកទឹកកករបស់ប្រទេសចិននេះត្រូវបានរចនាម៉ូត និងផលិតឲ្យចេញជារូបរាងពិតប្រាកដដោយស្នាដៃរបស់ជនជាតិចិនសុទ្ធសាធ។ ដំណើរការសាងសង់ធ្វើឡើងនៅអ៊ូកប៉ាល់នៃទីក្រុងក្វាងចូវក្រោមការមើលការខុសត្រូវរបស់រដ្ឋាភិបាលចិន។ គេរំពឹងថាប្រទេសចិននឹងបញ្ជូននាវានេះទៅបំពេញបេសកកម្មស្រាវជ្រាវនៅតំបន់ប៉ូលនៅត្រីមាសទី៣ មានន័យថានៅម្ដុំខែកក្កដាដល់ខែកញ្ញា ឆ្នាំ២០២៤។

 

 

ជាទូទៅ នៅពេលធ្វើដំណើរឆ្លងកាត់ដែនសមុទ្រនៃតំបន់ប៉ូល នាវាបំបែកទឹកកកច្រើនតែប្រឈមនឹងបញ្ហាទឹកកកបាំងនៅពីមុខចំនួន២ប្រភេទ។ ទី១-ទឹកកកដើមឆ្នាំ និងទី២-ទឹកកកដែលកកស្រទាប់លើគ្នាតាំងពីច្រើនឆ្នាំមកហើយអាស្រ័យទៅលើអាយុកាលរបស់វា និងកម្រាស់របស់វា។ ជាធម្មតា ទឹកកកនៅស្រទាប់ខាងលើអាចនឹងមានកម្រាស់លើសពីបីម៉ែត្រ ហើយជាឧបសគ្គរារាំងនាវាមិនឲ្យបើកទៅមុខបាន។ ហេងស៊យ នាវាអាចនៅកឿង១កន្លែង ទៅមុខក៏មិនរួច ថយក្រោយក៏មិនរួចដោយសារទឹកកកខាំជាប់គ្នាខ្លាំងពេក។ ប៉ុន្តែនាវាជីឌីអាចមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហានេះ។ នាវានេះមានចំណាត់ថ្នាក់ផូឡាក្លាស់ប្រាំមួយ (Polar Class 6) មានន័យមានសមត្ថភាពខ្ពស់ក្នុងការបំបែកផ្ទាំងទឹកកកដែលរឹងមាំ។ នាវាបំបែកទឹកកកដែលខ្លាំងបំផុតនៅលើពិភពលោកមានកម្រិតផូឡាក្លាស់ប្រាំពីរ (Polar class 7)។ ដូច្នេះ មានន័យថាឌីជីនៅក្រោមគេតែ១ថ្នាក់ប៉ុណ្ណោះ។ នាវានេះផលិតឡើងដើម្បីវាយបំបែកទឹកកកដែលមានកម្រាស់ចាប់ពី៨តឹកទៅ១ម៉ែត្រ។

 

 

លោកខាយ.រួយមូ (Cai Ruimou) ជាប្រធានក្រុមផលិតនាវាបំបេកទឹកកករបស់ប្រទេសចិនប្រាប់ថានៅពេលចេញប្រតិបត្តិការពេញបន្ទុក នាវានេះអាចបំបែកទឹកកកកម្រាស់១ម៉ែត្រដោយបើកបរល្បៀន៣,៧គីឡូម៉ែត្រក្នុង១ម៉ោង។ មានន័យថានាវានេះវាយបំបែកទឹកកកនៅពីមុខវាបណ្ដើរ អាចបើកបរដោយសន្សឹមៗទៅមុខបណ្ដើរ។ នាវាបំបែកទឹកកកឈ្មោះជីឌីបើមើលពីភិនភាគខាងក្រៅមិនធំពេកទេ។ ទោះជាយ៉ាងនេះក្ដី ប្រធានក្រុមរចនាម៉ូតប្រាប់ថានាវានេះតូចតែខ្លួន ប៉ុន្តែមានសមត្ថភាពខ្លាំងមិនធម្មតា និងមានលក្ខណៈពិសេសជាច្រើនទៀតដូចជាថ្មី ស្អាត និងមានលក្ខណៈដោយឡែកពីនាវាទូទៅ។

 

 

 

 

នៅក្នុងការរចនាម៉ូត និងការសាងសង់នាវានេះ ប្រទេសចិនបានដាក់បញ្ចូលនូវមេរៀន និងបទពិសោធដែលខ្លួនបានសិក្សារៀនសូត្រពីក្រុមអ្នកមានបទពិសោធនៅក្នុងការសាងសង់នាវាបំបែកទឹកកកស៊េរីចាស់ៗដូចជានាវាស៊ូឡុង និងស៊ូឡុង២ (Xuelong 2)។ គោលដៅចម្បងនៃនាវាទាំងនេះដើម្បីជួយសម្រួលបេសកកម្មស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ៕

 

ប្រែ​សម្រួល​៖ អន សំអាង


 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024