ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

បារាំងផ្តល់កិច្ចការពារពេញ២៤ម៉ោងសម្រាប់កីឡាករអ៊ីស្រាអ៊ែលអំឡុងពេលប្រកួតកីឡាអូឡាំពិក

២៣ កក្កដា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

 

កីឡាករអ៊ីស្រាអ៊ែល នឹងទទួលបានកិច្ចការពារពេញ២៤ម៉ោង​លើ២៤ម៉ោង អំឡុងពេលកីឡាអូឡាំពិកនៅទីក្រុងប៉ារីស។ នេះបើតាមការឱ្យដឹងពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសបារាំង។ 

 

ចំណាត់ការនេះ បានធ្វើឡើងក្រោយសមាជិកសភាឆ្វេងនិយមជ្រុលបានលើកឡើងថា  មិនស្វាគមន៍ប្រតិភូអ៊ីស្រាអ៊ែល ហើយក៏បានអំពាវនាវឱ្យធ្វើបាតុកម្មប្រឆាំងនឹងការចូលរួមរបស់កីឡាករអ៊ីស្រាអ៊ែលផងដែរ។ 

 

កីឡាអូឡាំពិក ចាប់ផ្តើមធ្វើនៅប្រទេសបារាំងនៅថ្ងៃសុក្រ(២៦កក្កដា) ចំពេលមានកង្វល់លើបញ្ហាសន្តិសុខ និងភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើងលើសង្គ្រាមនៅអ៊ុយក្រែននិងតំបន់ហ្គាហ្សា។ សង្គ្រាមអ៊ីស្រាអ៊ែលប្រឆាំងនឹងក្រុមហាម៉ាស់ដែលបានបំផ្លិចបំផ្លាញតំបន់ហ្គាហ្សា បានក្លាយជាដំបងដែករបស់ក្រុមឆ្វេងនិយមជ្រុលនៅប្រទេសបារាំង រហូតដល់មានអ្នករិះគន់មួយចំនួន បានចោទប្រកាន់អ្នកគាំទ្រប៉ាលេស្ទីនថា លំអៀង។

 

ក្នុងកិច្ចសម្ភាសន៍ លោក  Gerald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានលើកឡើងថា កីឡាករអ៊ីស្រាអ៊ែលនឹងទទួលបានកិច្ចការពារពេញ២៤ម៉ោងអំឡងពេលកីឡាអូឡាំពិក។ 

 

លោក Darmanin ប្រកាសខាងលើនេះ ក្រោយពីលោកThomas Portesសមាជិកសភាឆ្វេងនិយមជ្រុល បាននិយាយថា កីឡាករអូឡាំពិកពីប្រទេសអ៊ីស្រាអ៊ែល មិនស្វាគមន៍នៅបារាំង ហើយក៏គួរតែប្រឆាំងនឹងការចូលរួមរបស់ពួកគេនៅក្នុងកីឡានេះផងដែរ។  

 

លោកThomas Portes មិនមានការឆ្លើយតបណាមួយនិងសារព័ត៌មានរ៉យទ័រដែលសុំការអត្ថាធិប្បាយនោះឡើយ។ ហើយស្ថានទូតអ៊ីស្រាអ៊ែល ក៏បដិសេធធ្វើអត្ថាធិប្បាយផងដែរ។ 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024