ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

បញ្ហារអាក់រអួលផ្នែកព័ត៌មានវិទ្យា បង្កការរំខានដល់ប្រព័ន្ធទំនាក់ទំនងនៅតាមក្រុមហ៊ុនអាកាសចរណ៍ ធនាគារ និងប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក

១៩ កក្កដា ២០២៤ | ព័ត៌មានអន្តរជាតិ

នៅរសៀលនេះ មានបញ្ហាប្រឈមដ៏ធំមួយផ្នែកប្រព័ន្ធព័ត៌មានវិទ្យានៅតាមប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងសិង្ហបុរីជាដើម។ គេទទួលដំណឹងថាក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់សហរដ្ឋអាមេរិកបានបញ្ជាឲ្យបញ្ឈប់ការហោះហើររបស់ខ្លួនជាបណ្ដោះអាសន្នដោយសារបញ្ហារអាក់រអួលផ្នែកប្រព័ន្ធទំនាក់ទំនង។ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ធនាគារ និងក្រុមហ៊ុនទូរគមនាគមន៍នៅទូទាំងពិភពលោកក៏ជួបប្រទះនឹងបញ្ហារំខានបែបនេះដូចគ្នាដែលធ្វើឲ្យប៉ះពាល់ខ្លាំងចំពោះប្រតិបត្តិការរបស់ខ្លួន។

 

 

ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់សហរដ្ឋអាមេរិកដូចជាអាមេរិកអ៊ែរឡាញ (American Airlines), ដែលតាអ៊ែរឡាញ (Delta Airlines), យូណាយធីតអ៊ែរឡាញ (United Airlines) និងក្រុមហ៊ុនមួយចំនួនទៀតត្រូវបង្ខំចិត្តផ្អាកជើងហោះហើររបស់ខ្លួនទាំងស្រុង។ ចំណាត់ការនេះធ្វើឡើងមិនដល់១ម៉ោងទេបន្ទាប់ពីក្រុមហ៊ុនម៉ៃក្រូសូហ្វប្រកាសថាខ្លួនទើបតែដោះស្រាយឡើងវិញនូវបញ្ហាផ្ទុកទិន្នន័យនៅលើសេវាក្លោត (cloud service) របស់ខ្លួនដែលបានបង្កការរំខានចំពោះក្រុមហ៊ុនដឹកជញ្ជូន។

រហូតមកដល់ពេលនេះ គេមិនទាន់ដឹងច្បាស់ថាតើការសម្រេចផ្អាកជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ដូចរៀបរាប់ខាងលើនេះមានជាប់ពាក់ព័ន្ធនឹងសេចក្ដីប្រកាសរបស់ម៉ៃក្រូសូហ្វដែរឬទេ។ បើគេក្រឡេកទៅមើលសភាពការណ៍នៅអូស្ត្រាលីឯណោះវិញ គេឃើញថាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ធនាគារ និងទូរគមនាគមន៍រងការរំខានខ្លាំងដោយសារការរអាក់រអួលផ្នែកព័ត៌មានវិទ្យាថ្ងៃនេះ។ រដ្ឋាភិបាលអូស្ត្រាលីប្រកាសថាបញ្ហានេះពាក់ព័ន្ធនឹងអ្វីដែលកើតឡើងទៅលើក្រុមហ៊ុនសន្តិសុខព័ត៌មានវិទ្យាឈ្មោះក្រោតស្ត្រាយ (Crowdstrike)។

 

 

គេហទំព័រឈ្មោះ Downdetector បង្ហាញការរំខានផ្នែកព័ត៌មានវិទ្យានេះនៅតាមធនាគារ និងក្រុមហ៊ុនទូរគមនាគមន៍មួយចំនួន។ ក្រុមហ៊ុន Crowdsrike ថ្លែងថាខ្លួនបានទទួលព័ត៌មានរួចហើយថាមានបញ្ហាប៉ះពាល់ចំពោះប្រព័ន្ធប្រតិបត្តិការវីនដូស (Windows) របស់ក្រុមហ៊ុនម៉ៃក្រូសូហ្វ។ ប៉ុន្តែក្រុមហ៊ុននេះមិនបាននិយាយអំពីបញ្ហាដែលកើតឡើងនៅអូស្ត្រាលីទេ។

មិនទាន់មានព័ត៌មានបញ្ជាក់ថាករណីរំខានតាមប្រព័ន្ធព័ត៌មានវិទ្យាលើកនេះជាឧបទ្ទវហេតុពាក់ព័ន្ធនឹងសន្តិសុខព័ត៌មានវិទ្យាឬយ៉ាងណាទេ។ នេះបើយោងតាមលោកមីឈែល.ម៉ាក់ហ្គីននីស (Michelle McGuinness) ជាអ្នកសម្របសម្រួលសន្តិសុខព័ត៌មានវិទ្យាថ្នាក់ជាតិរបស់អូស្ត្រាលីសរសេររៀបរាប់នៅលើបណ្ដាញអ៊ិច។ 

គួរកត់សម្គាល់បញ្ហារំខានផ្នែកព័ត៌មានវិទ្យាលើកនេះហាក់ដូចជាធំទូលាយ សូម្បីតែប្រទេសអេស្ប៉ាញក៏មានបញ្ហារអាក់រអួលនៅក្នុងប្រព័ន្ធកុំព្យូទ័រនៅអាកាសយានដ្ឋានរបស់ខ្លួនទាំងអស់។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ដែលធំជាងគេនៅអឺរ៉ុបឈ្មោះរីយ៉ាន់អ៊ែរ (Ryanair) បានប្រកាសប្រាប់អ្នកដំណើរអំពីបញ្ហារំខានដែលប៉ះពាល់ប្រព័ន្ធប្រតិបត្តិការនៅលើបណ្ដាញណិតវើក (Network)។ គ្រាន់តែថាក្រុមហ៊ុនមិនបានបញ្ជាក់ឲ្យបានចំៗថាតើការរំខាននេះបណ្ដាលមកពីមូលហេតុអ្វី។

ក្រុមហ៊ុនផ្ដល់សេវាផ្ទុកទិន្នន័យតាមសេវាក្លោតឈ្មោះ AWS ចេញសេចក្ដីប្រកាសថាខ្លួនកំពុងស៊ើបអង្កេតរបាយការណ៍ដែលថាមានបញ្ហាផ្នែកការតភ្ជាប់បណ្ដាញទៅប្រព័ន្ធ Windows EC2 និង Workspaces របស់ក្រុមហ៊ុន AWS។ គេមិនទាន់ដឹងច្បាស់ថាតើរាល់បញ្ហារអាក់រអួលលើប្រព័ន្ធប្រតិបត្តិការទាំងប៉ុន្មានដូចរៀបរាប់ខាងលើនេះមានជាប់ពាក់ព័ន្ធគ្នានឹងបញ្ហាដែលកើតឡើងចំពោះបណ្ដាញ Crowdstrike ឬក៏ជាបញ្ហាដាច់ដោយឡែកមួយទៀត៕

 

ប្រែសម្រួល៖ អន សំអាង


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024