ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥
ប្រជាពលរដ្ឋ ដែលនិយមហាត់ប្រាណជាប្រចាំ បានលើកទឹកចិត្តឱ្យពលរដ្ឋទូទៅ ឆ្លៀតពេលយ៉ាងហោច ១ម៉ោង ក្នុង ១ថ្ងៃ ដើម្បីហាត់ប្រាណ និងមានរបបអាហារត្រឹមត្រូវ ដើម្បីជៀសឆ្ងាយពីជំងឺ និងចំណេញទាំងថវិកា សម្រាប់ទៅពេទ្យពិនិត្យ ព្យាបាលជំងឺ។
ជារៀងរាល់ព្រឹក នៅមុខទីធ្លាមាត់ទន្លេ មុខព្រះបរមរាជវាំង គេតែងតែឃើញចាស់ៗទាំងប្រុសស្រី បានបញ្ចេញកាយវិការហាត់ប្រាណយ៉ាងរស់រវើក និងស្វាហាប់ ព្រមទាំងទឹកមុខស្រស់ថ្លាដែលបញ្ជាក់ថាមិនមានជំងឺណាមកយាយីពួកគាត់ ហើយការហាត់ប្រាណពួកគាត់ ក៏អាចជួយបង្កើនមិត្តភាព កាត់បន្ថយស្រេ្តស ជួយដល់ការគេងមិនសូវលក់ និងមិនសូវទៅពេទ្យ ដូច្នោះពលរដ្ឋដែលហាត់ប្រាណជាប្រចាំ លើកទឹកចិត្តពលរដ្ឋខ្មែរទូទៅ ចូលរួមហាត់ប្រាណទៀតទាត់ ចំណេញសុខភាពល្អ និងថវិកាព្យាបាលជំងឺ។
លោកស្រី ធូ សុគន្ធី ជាអ្នកគ្រូបង្រៀននៅវិទ្យាល័យឬស្សីកែវ បានផ្តល់កិច្ចសម្ភាសន៍ដល់ទូរទស្សន៍ភីអិនអិនឱ្យដឹងថា ការហាត់ប្រាណ ជួយរក្សាទម្ងន់ឱ្យនៅថេរ និងមិនសូវឈឺស្កាត់ឡើយ ដោយលោកស្រី ធ្វើការប្រៀបធៀបថា កាលពីលោកស្រី មិនសូវហាត់ប្រាណ ចេះតែឈឺនេះ ឈឺនោះ មិនចេះចប់ មិនចេះហើយ ម្យ៉ាងទៀត លោកស្រី ត្រូវកោសខ្យល់ដែលជាទម្លាប់ពីដូនតាជាប្រចាំ ប៉ុន្តែក្រោយពេលហាត់ប្រាណទៀងទាត់ លោកស្រី មិនដែលស្គាល់រសជាតិមានជំងឺឡើយរយះពេល៣ឆ្នាំចុងក្រោយនេះ។
លោកស្រី ធូ សុគន្ធី បានលះបង់គ្រឿងស្រវឹងជាង ៣០ឆ្នាំហើយ ដោយសារប៉ះពាល់ដល់សុខភាព ហើយ លោកស្រី បានកែប្រែទម្លាប់ហូបចុក ដោយត្រូវអនុវត្តន៍ឱ្យបានប្រចាំ ដូចជា ត្រូវហូបទឹកក្តៅរាល់ពេលព្រឹក របបអាហារពេលថ្ងៃត្រង់ទៀងទាត់ និងហូបអាហារពេលល្ងាចត្រឹមម៉ោង៥ បន្ទាប់ពីនោះមិនទទួលទានអ្វីទៀតទេក្រៅតែពីទឹកបរិសុទ្ធ។
លោកស្រី បន្តចែករំលែកបទពិសោធន៍ល្អដែលធ្វើឱ្យលោកស្រី មានសុខភាពល្អ ជៀសឆ្ងាយពីជម្ងឺផ្សេងៗ ហើយលោកស្រី ក៏ចង់ឱ្យពលរដ្ឋខ្មែរនាំគ្នាហាត់ប្រាណ និងមានទម្លាប់ល្អ ព្រមទាំងមានរបៀបរបបនៃការហូបចុកផងដែរ។
ចំណែកអ៊ុំប្រុសម្នាក់ទៀត បានសម្តែងអារម្មណ៍ស្រស់ស្រាយ ដោយសារអ៊ុំប្រុស បញ្ជាក់ថា ការហាត់ប្រាណប្រៀបដូចឱសថទិព្វដែលមិនអាចខ្វះបាន និងលើកទឹកចិត្តឱ្យទាំងអ្នកដែលមានអាយុច្រើន ឬតិច ត្រូវតែចូលរួមហាត់ប្រាណ នឹងធ្វើឱ្យសុខភាពល្អ។សូមជម្រាបថា ក្រុមគ្រូពេទ្យជំនាញ តែងតែលើកឡើងថា ការហាត់ប្រាណជាប្រចាំ ក្នុងរយៈពេល ១ម៉ោង ឬលើសពីនោះ ហើយការផឹកទឹកឱ្យបានគ្រប់គ្រាន់ និងមានរបបអាហារត្រឹមត្រូវ សុទ្ធតែជួយដល់សុខភាពល្អ និងជួយអារម្មណ៍ស្រស់ថ្លា ដូច្នោះ សូមចូលរួមហាត់ប្រាណឱ្យបានទៀតទាត់គ្រប់គ្នា៕
អត្ថបទ៖ តុល សុភ័ណ រូបភាព៖ ឆិល សុភ័ស្ត