ថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥

ប្រឡូកសិល្បៈ ១១ឆ្នាំ តារាកំប្លែងស្ងួត Peypey Dy ប្រកាសខ្លួនជាចាងហ្វាងផលិតកម្ម Film Corner

០៨ កក្កដា ២០២៤ | កម្សាន្ដ

 

 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យផ្ទួនៗលើអាជីវកម្ម និងការងារសិល្បៈ តារាកំប្លែងស្ងួត Peypey Dy ប្រកាសខ្លួនជាចាងហ្វាងផលិតកម្ម Film Corner បន្ទាប់ពីប្រឡូកសិល្បៈអស់រយៈពេល ១១ឆ្នាំ។

 

 

គិតត្រឹមឆ្នាំ២០២៤ រយៈពេល ១១ឆ្នាំហើយដែលតារាកំប្លែងស្ងួត Peypey Dy ប្រឡូកវិស័យសិល្បៈខ្មែរ។ ច្រើនឆ្នាំមកនេះ លោកបង្កើតបានស្នាដៃសិល្បៈច្រើនរាប់មិនអស់ រហូតសាងកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងប្រទេស។ មិនត្រឹមជោគជ័យសិល្បៈ Peypey Dy ធ្វើឱ្យមិត្តភ័ក្តិក្នុងរង្វង់សិល្បៈ រួមទាំងហ្វេនៗលាន់មាត់សរសើរព្រាត ព្រោះអាជីវកម្មដំណើរការរលូនខ្លាំង មានភ្ញៀវតម្រង់ជួរចាំទិញជាហូរហែរ។ 

 

 

ស្របពេលអាជីវកម្ម និងការងារសិល្បៈកំពុងជោគជ័យខ្លាំង Peypey Dy ឈ្មោះពិតថា សែម ឡុងឌី ស្រាប់តែប្រកាសខ្លួនជាចាងហ្វាងផលិតកម្ម Film Corner ដែលនេះជាផលិតកម្មផ្ទាល់ខ្លួនរបស់លោកតែម្តង។ ជាការស្វាគមន៍ Peypey Dy ត្រៀមទម្លាក់ស្នាដៃខ្សែភាពយន្តខ្នាតធំ ចំណងជើងថា «ភូមិគ្រឹះអាគម» ជាប្រភេទរឿងខ្មោចបែបរន្ធត់ព្រឺព្រួច ដែលជា Signature របស់លោក និងសមាជិក្រុម។

 

 

មិនធ្វើឱ្យហ្វេនៗខកបំណងឡើយ Peypey Dy និងក្រុមការងារបានចំណាយពេលសម្រិតសម្រាំងគុណភាពសាច់រឿង ប្លង់ថត ជាពិសេសតួអង្គសម្តែង រួមមាន៖ ប្រុសខួច, តារាចម្រៀង វី ឌីណែត, ម៉ែសេះ, អ្នកនាង ស្វែង សុជាតា និង ម៉ូ ជាដើម។ ក្នុងនោះ Peypey Dy ជាចាងហ្វាងផលិតកម្ម និងជាអ្នកដឹកនាំថត ខណៈលោក ទ្រី សក្កដា អ្នកគ្រប់គ្រងគម្រោង និងជាជំនួយការដឹក, កៅ សីហា ជាប្រឹក្សាដឹកនាំ និងលោក យូ សុភា អ្នកនិពន្ធរឿង រួមទាំងក្រុមការងារជាច្រើនរូបទៀត។

 

 

ក្នុងពិធីក្រុងពាលីកាលពីពេលថ្មីៗ ប្រុសខួច និងតារាចម្រៀង វី ឌីណែត បានបង្ហាញអារម្មណ៍រំភើបដែលត្រូវបានជ្រើសរើសជាតួអង្គសំខាន់ក្នុងរឿងនេះ។ តារាកំប្លែងវោហារស័ព្ទមិនចេះរីងស្ងួត Peypey Dy សង្ឃឹមថា ទស្សនិកជនទូទាំងប្រទេសនឹងគាំទ្រស្នាដៃខ្សែភាពយន្តខ្នាតធំដំបូង Film Corner ហើយលោកនិងក្រុមការងារប្តេជ្ញារិះរកគំនិតច្នៃប្រឌិតថ្មីៗមកបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន ដែលផ្តល់ទាំងភាពសប្បាយរីករាយ និងការអប់រំដល់អ្នកទស្សនាផងដែរ៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025