ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥

«ស្មុគ» មានតម្លៃថ្លៃជាងថង់ប្លាស្ទិក តែយុវជនខ្មែរមួយរូប យកមកខ្ចប់កែវកាហ្វេ ដើម្បីគាំទ្រផលិតផលខ្មែរ

២៤ ឧសភា ២០២៤ | ព័ត៌មានជាតិ



យុវជន សេងល័ក្ខ ទើបតែមានអាយុ ១៩ឆ្នាំ បានបើកលក់កាហ្វេចល័តតាមម៉ូតូ។ យុវជនរូបនេះ បានប្រើ «ស្មុគ» ដែលច្នៃមកពីស្លឹកត្នោត ដើម្បីវេចខ្ចប់កាហ្វេ ជំនួសការប្រើប្រាស់ថង់ប្លាស្ទិក។ បើទោះជា«ស្មុគ» មានតម្លៃថ្លៃជាងថង់ប្លាស្ទិកក៏ពិតមែន ក៏យុវជនរូបនេះ បន្តប្រើប្រាស់ ដើម្បីលើកកម្ពស់ផលិតផលខ្មែរយើង។«ស្មុគ» ត្រូវបានប្រជាពលរដ្ឋ យកមកកែច្នៃប្រើប្រាស់ ទៅតាមទម្រង់ជាច្រើន នាពេលបច្ចុប្បន្ន។

 


ម្ចាស់អាជីវកម្មមួយចំនួនច្នៃ ស្មុគ ធ្វើជាការវេចខ្ចប់ផលិតផលរបស់ពួកគេ។ យុវជន ឡាយ សេងល័ក្ខ អាយុ ១៩ឆ្នាំ ជាអ្នករស់នៅរាជធានីភ្នំពេញ បានបើកលក់កាហ្វេម៉ូតូតាមផ្លូវ ដោយមានកែច្នៃ ស្មុគ ជាការវេចខ្ចប់កែវកាហ្វេរបស់ខ្លួនថែមទៀត។  យុវជនរូបនេះ បានឱ្យដឹងថា ការយក ស្មុគ មកវេចខ្ចប់កែវកាហ្វេនេះ ព្រោះខ្លួនចង់ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកមួយចំណែក ហើយការវេចខ្ចប់បែបនេះទៀត គឺមានការទាក់ទាញច្រើន។ 

 


មិនត្រឹមតែជាចំណែក ចូលរួមការពារបរិស្ថានប៉ុណ្ណោះទេ ការដែលប្រើប្រាស់ «ស្មុគ» នេះ ក៏ជាផ្នែកមួយជួយផ្តល់ការងារដល់ចាស់ៗ នៅក្នុងភូមិព្រះដាក់ ខេត្តសៀមរាបផងដែរ ដោយហេតុថា «ស្មុគ» ទាំងនេះ ត្រូវបានបញ្ជាទិញពីខេត្តសៀមរាបមក។ ក្នុងមួយសប្តាហ៍ យុវជនរូបនេះ បានបញ្ជាទិញ «ស្មុគ» ពីប្រជាសហគមន៍នៅក្នុងភូមិព្រះដាក់ ប្រមាណ ៤០០ស្មុគ ហើយ ស្មុគ ដែលយកមកប្រើប្រាស់ គឺមានការកម្មង់ទំហំទៅតាមកែវកាហ្វេរបស់ខ្លួន។ 

 


«ស្មុគ» ១ មានតម្លៃ ១០០០រៀល ដែលខុសគ្នាឆ្ងាយពីថង់ប្លាស្ទិក ប៉ុន្តែយុវជនរូបនេះ នៅតែបន្តប្រើស្មុគវេចខ្ចប់កាហ្វេរបស់ខ្លួន និងរក្សាតម្លៃដដែល។ ការធ្វើបែបនេះ អាចមិនសូវចំណេញច្រើន តែ សេងល័ក្ខ ថាជាការរូមចំណែកជួយផ្សព្វផ្សាយផលិតផលខ្មែរឱ្យកាន់តែមានទីផ្សារ។

 

 

«ស្មុគ» អាចប្រើប្រាស់បានច្រើនទម្រង់ ហើយយុវជនរូបនេះជឿជាក់ថា ការដែលយកមកខ្ចប់កែវកាហ្វេបែបនេះ អតិថិជនរបស់ខ្លួនក៏នៅតែអាចយកស្មុកទាំងនោះប្រើប្រាស់បន្តបានផងដែរ។ យុវជន សេងល័ក្ខ ក៏តែងតែអរគុណអតិថិជនរបស់ខ្លួនក្នុងការគាំទ្រកន្លងមក ដែលការគាំទ្រនេះ ក៏ជាផ្នែកមួយគាំទ្រដល់ចាស់ៗដែលពួកគាត់ផ្គត់ផ្គង់ស្មុកមកខ្លួន ឱ្យមានការងារធ្វើផងដែរ៕
 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ, រូបភាព៖ ឆិល សុភ័ស្ត 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025