ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ត្រីមាសទី១ កម្ពុជា សម្រេចនូវទំហំពាណិជ្ជកម្មអន្តរជាតិជាង ១២ពាន់លានដុល្លារ 

២៣ មេសា ២០២៤ | សេដ្ឋកិច្ច

 

ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤នេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មអន្តរជាតិប្រមាណ ១២ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១២% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យផ្លូវការចេញផ្សាយដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ប្រភពដដែលនេះ បានគូសបញ្ជាក់ឲ្យដឹងថា កម្ពុជា សម្រេចបានការនាំចេញជាង ៦ពាន់ ២រយលានដុល្លារអាមេរិក ដែលកើនឡើង ១៨% ខណៈនៅពេលដូចគ្នា ឆ្នាំ ២០២៣ កម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិជាង ៥ពាន់ ៣រយលានដុល្លារអាមេរិក។

 

 

ទាក់ទងនឹង ការនាំចូលមកវិញ កម្ពុជា បាននាំចូលទំនិញប្រមាណ ៦ពាន់ ២រយលានដុល្លារអាមេរិក ដែលមានការកើនឡើង ប្រហែល ៦% ហើយវាបានធ្វើឲ្យ កម្ពុជា សម្រេចអតិរេកពាណិជ្ជកម្មប្រមាណ ២៦លានដុល្លារអាមេរិក។ដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជា រួមមាន ចិន សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី និងកាណាដា។ជាក់ស្តែង ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានទំហំ ៣៦៦លានដុល្លារអាមេរិក ដោយការនាំចូលមកកាន់កម្ពុជាវិញ មានដល់ទៅ ២ពាន់ ៨រយលានដុល្លារអាមេរិក ដែលធ្វើឲ្យ កម្ពុជា កើតនូវ ឱនភាពពាណិជ្ជកម្មជាង ២ពាន់ ៤រយលានដុល្លារអាមេរិក។

 


រីឯ វៀតណាម ឈរនៅលំដាប់លេខ ២ ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា គិតជាទឹកប្រាក់ប្រមាណ ២ពាន់ ៣រយលានដុល្លារអាមេរិក ដោយក្នុងនោះ កម្ពុជា នាំចេញទំនិញទៅកាន់វៀតណាមជាង ១ពាន់ ៣រយលានដុល្លារអាមេរិក ខណៈកម្ពុជា នាំចូលមកជាង ៩រយលានដុល្លារអាមេរិក។

 


ក្នុងរយៈពេល ៣ខែដើមឆ្នាំ ២០២៤នេះ កម្ពុជា នាំចេញទំនិញទៅកាន់អាមេរិកជាង ១ពាន់ ៩រយលានដុល្លារអាមេរិក កើនឡើងប្រមាណ ៩% ធ្វើឱ្យ អាមេរិក នៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា អំឡុងពេលនេះ ហើយកម្ពុជា ក៏បាននាំចូលពីអាមេរិក មកវិញប្រមាណ ៥៧លានដុល្លារអាមេរិក មានន័យថា កម្ពុជា សម្រេចនូវអតិរេកពាណិជ្ជកម្មជាង ១ពាន់ ៩រយលានដុល្លារអាមេរិក។

 


ជាមួយគ្នានេះ មុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក ឧបករណ៍អគ្គិសនី និងផលិតផលកង់ជាដើម។សូមជម្រាបថា ក្នុងឆ្នាំ ២០២៣កន្លងទៅនេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ៤៦ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញមានទំហំ ២២ពាន់លានដុល្លារ និងការនាំចូលមានទំហំជាង ២៤ពាន់លានដុល្លារអាមេរិក៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024