ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១លាននាក់ បានមកកម្សាន្ត នៅខេត្តសៀមរាបក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៤ថ្ងៃ

១៧ មេសា ២០២៤ | សេដ្ឋកិច្ច

ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង១លាននាក់ បានមកកម្សាន្ត នៅខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៤ថ្ងៃ ដោយក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ៦៦ម៉ឺននាក់ និងភ្ញៀវទេសចរបរទេសមានជិត២ម៉ឺននាក់ ។

 

 

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់រយៈពេល០៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប សរុបមានចំនួនប្រមាណ ១លាន ២សែននាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានជិត២ម៉ឺននាក់ ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ៦៦ម៉ឺននាក់ បងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ៥៦ម៉ឺននាក់។

 


សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងស្ថាប័នអង្គភាពពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ដើម្បីអបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដែលមានកម្មវិធីជាច្រើន ជាពិសេស បំផុសប្រជាជនកម្ពុជា ឱ្យស្រឡាញ់ និងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ។

 


យុវជន និងយុវនារី ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះ បានលើកឡើងថា កម្មវិធីនេះ ពិតជាបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានជួបជុំគ្នាសប្បាយរីករាយជាខ្លាំង ជាពិសេសគឺមានកម្មវិធីបង្ហាញពី វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ល្បែងប្រជាប្រិយ ដែលអាចឱ្យភ្ញៀវទេសចរបានទស្សនា និងឈ្វេងយល់។

 


យុវជន និងយុវនារីរូបនេះបានបន្តថា ការបង្កើតឱ្យមានព្រឹត្តិការណ៍បែបនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តសៀមរាបបានកាន់តែច្រើន និងបានជួយលើកស្ទួយសេដ្ឋកិច្ច នៅក្នុងខេត្តសៀមរាប។ ពួកគាត់ចង់ឱ្យមានរៀបចំកម្មវិធី ឬព្រឹត្តិការណ៍ផ្សេងៗនៅក្នុងខេត្តសៀមរាបឱ្យច្រើនទោះព្រឹត្តិការណ៍តូចក្តី ធំក្តី ព្រោះវាជាកត្តាមួយដ៏សំខាន់ជួយដល់សេដ្ឋកិច្ចខេត្តមួយនេះ។ ហើយសម្រាប់ក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤នេះ ក្រៅពីតំបន់កម្សាន្ត ពួកគាត់មានការចាប់អារម្មណ៍លើការបង្ហាញខ្លែងឯកខ្មែរ  ការបង្ហាញពីទំនៀមទម្លាប់ខ្មែរ និងល្បែងប្រជាប្រិយ។

 


ក្នុងឱកាសអញ្ជើញបើកដំណើរការព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ដ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានលើកឡើងថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត២០២៤ ពិតជាមានអត្ថន័យដ៏ធំធេងក្នុងការបំផុសប្រជាជនកម្ពុជា ជាពិសេសកុលបុត្រ កុលធីតាជំនាន់ក្រោយឱ្យឈ្វេងយល់ ស្រឡាញ់ និងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ ដ៏មានតម្លៃរបស់ខ្មែរ ក្នុងគោលដៅរក្សាអត្តសញ្ញាណជាតិ និងបង្កើតមោទនភាពជាតិ៕
 

 

 

អត្ថបទ៖ AKP រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024