ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤

ព្រះសីហនុរាជ បណ្ដុះបណ្ដាលធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បាន ១៤៩អង្គ-រូប

៣០ មេសា ២០២៤ | ព័ត៌មានជាតិ


ចាប់តាំងពីបើកដំណើរការថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬអនុបណ្ឌិត កាលពីឆ្នាំ២០១២ មក ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ បានបណ្ដុះបណ្ដាលធនធានព្រះសង្ឃ និងគ្រហស្ថកម្រិតនេះបានចំនួន ១៤៩អង្គ-រូប ដែលជាប្រភេទធនធានកម្រ និងមិនអាចខ្វះបាន។

 


សមណនិស្សិត និងនិស្សិត នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់ជំនាន់ ចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣ សរុបចំនួន ១៤៩ អង្គ និងនាក់ ក្នុងនោះ ព្រះសីហនុរាជ ភ្នំពេញ ដែលជាទីតាំងគោល ចំនួន ៧៩ អង្គ និងនាក់ ព្រះសីហនុរាជ សាខាកំពង់ឆ្នាំង ៥៤ អង្គ និងនាក់ និងព្រះសីហនុរាជ សាខាបាត់ដំបង ចំនួន ១៦ អង្គ និងនាក់ ចែកចេញជា ៤ ឯកទេសគឺទស្សនវិជ្ជា អក្សរសាស្ត្រខ្មែរ គ្រប់គ្រងអប់រំ និងភាសាបាលី ។

 

 

នេះគឺជារបាយការណ៍របស់ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នៅក្នុងពិធីបើកពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហីនុរាជ នាព្រឹកថ្ងៃ ៦ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមសា ឆ្នាំ២០២៤ នេះ ។

 


របាយការណ៍ដដែលបន្ថែមថា ចំពោះព្រះសីហនុរាជ ភ្នំពេញ ដែលជាទីតាំងគោលនេះ ចាប់តាំងពីបើកដំណើរការថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមប្រកាសចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ មក មានសមណនិស្សិត និងនិស្សិត សរុប ៥១២ អង្គ និងនាក់ ដែលក្នុងនោះ សមណនិស្សិត និងនិស្សិត ដែលបានសរសេរនិក្ខេបបទបញ្ចប់ជាស្ថាពរចំនួន៧៩ អង្គ និងនាក់ ក្រៅពីនោះទៅ កំពុងសរសេរ និងកំពុងសិក្សា ។

 


សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសកលវិទ្យាធិការ នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ មានបន្ទូលថា ចំនួនសមណនិស្សិត និងនិស្សិត ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ បើមើលទៅលើចំនួន គឺពិតជានៅតិចតួចនៅឡើយ ។ ទោះយ៉ាងណា នេះគឺជាសមិទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព របស់គ្រប់ភាគីទាំងអស់ នៃពុទ្ធិកសិកលវិទ្យាល័យព្រះសីហនុរាជ ។

 

 

ម្យ៉ាងទៀតសោត ធនធានទាំងនេះគឺជាធានមនុស្សកម្រ ដ្បិតមានតែពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ មួយគត់ដែលមានបណ្ដុះបណ្តាលថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សានូវជំនាញដែលសង្គមខ្មែរមិនខ្វះបានដូចជាទស្សនវិជ្ជាពុទ្ធសាសនា ភាសាបាលី និងសំស្ក្រឹត ។

 


ក៏គួរជម្រាបជូនផងដែរថា ថ្នាក់ដឹកនាំ នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ បាន និងកំពុងយកព្រះទ័យ និងយកចិត្តទុកដាក់យ៉ាងផ្ចិតផ្ចង់ក្នុងការចាត់ចែនូវកិច្ចានុកិច្ចពាក់ព័ន្ធនានា ដើម្បីបានបើកដំណើរការថ្នាក់បណ្ឌិត ហើយប្រសិនបើពុំមានអ្វីប្រែប្រួលធំដុំទេនោះ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នឹងចាប់ផ្ដើមបើកដំណើរការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតរបស់ខ្លួនៅក្នុងឆ្នាំ២០២៤ នេះ៕
 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ សែត ប៊ុនថាន់

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024