ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

មន្ត្រីថា កម្ពុជា តែងតែបានយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យពិការភាព

២៧ មីនា ២០២៤ | ព័ត៌មានជាតិ

 

បន្ទាប់ពីអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្ដីពី ពិការភាព ២០១៩-២០២៣ បានជោគជ័យរួចមក នៅថ្ងៃនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ បានជួបជុំគ្នា ដើម្បីពិគ្រោះយោបល់លើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រជាតិ ស្ដីពី ពិការភាព ២០២៤-២០២៨ ហើយមន្ត្រីទទួលបន្ទុកថា រាជរដ្ឋាភិបាលកម្ពុជា តែងតែបានយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យពិការភាព។

 


រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការលើកស្ទួយវិស័យពិការភាពនៅកម្ពុជា ដើម្បីជួយដល់ជនមានពិការភាព និងក្រុមគ្រួសារឱ្យទទួលបានគុណភាពជីវិតល្អប្រសើរ កាត់បន្ថយការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈប្រកដោយគុណភាព រួមទាំងជំរុញឱ្យជនមានពិការភាពបានចូលរួមគ្រប់សកម្មភាពសង្គម រួមទាំងការទៅចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោត ការទទួលបានការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងការគិតគូរដាក់បញ្ចូលបញ្ហាពិការភាពក្នុងគ្រប់វិស័យ តាមរយៈការកែសម្រួល និងរៀបចំលិខិតបទដ្ឋានគតិយុត្ត ការផ្សព្វផ្សាយការយល់ដឹងអំពីវិស័យពិការភាពនៅតាមក្រសួងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ជនមានពិការភាពគ្រប់រូបនៅកម្ពុជា។

 

 

នេះគឺជាការលើកឡើងរបស់ឯកឧត្តម ម៉េត មករា តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០២៤-២០២៨ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នេះ ។

 


ឯកឧត្តម ម៉េត មករា បន្ថែមថា ឯកឧត្តមរីករាយ ដែលបានឃើញផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០១៩-២០២៣ ទទួលបានការចាប់អារម្មណ៍ និងមានការចូលរួមអនុវត្តយ៉ាងផុលផុស ពីគ្រប់ក្រសួងស្ថាប័នសាធារណៈ វិស័យឯកជន បុគ្គលសំខាន់ៗ ដៃគូអភិវឌ្ឍន៍ អាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ ។

 

 

ដោយឡែក ក្នុងរយៈពេល ៧ ខែ មកនេះ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ សកម្ម និងឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ជាសេនាធិការ រួមជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់ជាតិ និងថ្នាក់រាជធានី ខេត្ត រួមគ្នាឥតស្រាកស្រាន្តក្នុងការដាក់ចេញនូវវិធានគោលនយោបាយ កម្មវិធី និងគំនិតផ្ដួចផ្ដើមនានា ដើម្បីដោះស្រាយបញ្ហាជីវភាពរស់នៅរបស់បងប្អូនជនមានពិការភាព កាត់បន្ថយផលប៉ះពាល់អវិជ្ជមាននានា នៃសង្គម សេដ្ឋកិច្ច និងនយោបាយ សំដៅជំរុញការអភិវឌ្ឍវិស័យពិការភាពស្របតាមអភិក្រមសកល គ្មាននរណាម្នាក់ ត្រូវបានផាត់ចេញ ៕
 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ សែត ប៊ុនថាន់ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024