ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ក្រសួងអប់រំ ប្រកាសថា ក្នុងចំណោមជិត ៥៦ម៉ឺននាក់ ជនមិនចេះអក្សរជាង ១៤ ០០០នាក់ ត្រូវបានរំដោះ

២៣ មេសា ២០២៤ | ព័ត៌មានជាតិ



កម្ពុជា មានអ្នកមិនចេះអក្សរ ឬអនក្ខជន ប្រមាណ ជិត ៥៦ម៉ឺននាក់ នៅទូទាំងប្រទេស។ តាមរយៈកិច្ចសហការជាមួយដៃគូនានា គិតត្រឹមពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរំដោះអនក្ខរជន ឬជនមិនចេះអក្សរ បានប្រមាណ ១៤០០០នាក់។

 


កន្លងទៅ នៅកម្ពុជា មានអនក្ខរជន គឺជនមិនចេះអក្សរ អាយុចាប់ពី១៥ឆ្នាំឡើងទៅ ចំនួន ៥៥៩ ៣៥២ នាក់ ហើយតាមរយៈកម្មវិធីអក្ខរកម្ម យើងរំដោះអនក្ខរជនទាំងនោះបានចំនួន ១៤ ៤៦៧នាក់ ស្មើ ២,៥៩ភាគរយ ដោយក្រសួងអប់រំ បានបើកថ្នាក់អក្ខរកម្មសរុបចំនួន ៩៣០ ថ្នាក់ គ្របដណ្តប់ទៅលើ ១ ៥៧១ ភូមិឃុំ សង្កាត់ និងក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស ហើយក្នុងចំណោមថ្នាក់អក្ខរកម្មទាំងនោះ ក្រសួងអប់រំ គ្រប់គ្រងចំនួន ៨៧០ ថ្នាក់ ក្រៅពីនោះទៅ គ្រប់គ្រងដោយដៃគូនានា ។នេះគឺជាការអះអាងរបស់លោកជំទាវ ឃួន វិច្ឆិកា មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា  ។

 


លោកជំទាវ ឃួន វិច្ឆិកា បន្ថែមថា ក្នុងចំណោមថ្នាក់អក្ខរកម្មទាំង ៩៣០ ថ្នាក់នោះ មានអ្នកសិក្សាចំនួន ១៧៨៦១ នាក់ ក្នុងនោះអ្នកសិក្សានៅតាមរោងចក្រ ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ សរុប ១ ៣៥១ នាក់ ។ អ្នកសិក្សាបានបញ្ចប់វគ្គចំនួន ១៥ ៦០០នាក់ ក្នុងនោះបានឆ្លងកាត់តេស្តស្តង់ដាបញ្ចប់ជាប់១៤ ៤៦៧នាក់ ដោយមានបំណិនផ្នែកអក្សរ និងបំណិនផ្នែកលេខ ហើយបច្ចុប្បន្ននេះមានគ្រូអក្ខរកម្មចំនួន ៩៦១នាក់ ដែលគ្រប់គ្រងដោយក្រសួងអប់រំផ្ទាល់ និងគ្រប់គ្រងដោយដៃគូនានា ។ 

 


គួរបញ្ជាក់ជូនថា ក្នុងដំណើរ នៃការរំដោះអនក្ខរជននេះ ក្រសួងអប់រំ យុវន និងកីឡា បានសហការជាមួយដៃគូនានា មានអង្គការយូណេស្កូ អង្គការស៊ីប៉ា អង្គការអាយឡូ វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា សមាគមអភិវឌ្ឍន៍ស្ត្រីកម្ពុជា និងរោងចក្រ ដោយបានអនុវត្តកម្មវិធីអក្ខរកម្មនៅតាមរោងចក្រ២៤ ថ្នាក់ នៅតាមពន្ធនាគារមាន ៣៤ថ្នាក់ និងនៅមណ្ឌលអប់រំកែប្រែ ៧ថ្នាក់ ដែលបាន និងកំពុងដំណើរការនៅខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ កោះកុង ព្រៃវែង កំពត មណ្ឌលគិរី រតនគិរី សៀមរាប ត្បូងឃ្មុំ កណ្តាល ស្វាយរៀង ព្រះសីហនុ តាកែវ ឧត្តរមានជ័យ និងរាជធានីភ្នំពេញ។

 


ជាទិសដៅតទៅនេះ ក្រសួងអប់រំ នឹងពង្រីកវិសាលភាព នៃការអនុវត្តកម្មវិធីអក្ខរកម្មសម្រាប់កម្មករ កម្មការិនីតាមរោងចក្រ កម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ និងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ុនធឺណិត ឱ្យបានទូលំទូលាយ កៀរគរធនធានសម្រាប់ជំរុញដំណើរការប្រែក្លាយមជ្ឈមណ្ឌលសិក្សាសហគមន៍ទៅជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ឱ្យបានពេញលេញ។ នេះបើតាមការឱ្យដឹងបន្ថែមរបស់លោកជំទាវ ឃួន វិច្ឆិកា៕
 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024